ជប៉ុនផ្តល់ថវិកាជាង៦៦ម៉ឺនដុល្លារអាមេរិក សម្រាប់បោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ វិទ្យុជាតិកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៦៦៥,១៨៦ ដុល្លារអាមេរិក សម្រាប់គម្រោងគាំទ្រ ការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា ដោយ ឯកឧត្តម អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័ន ទទួលជំនួយសម្រាប់អនុវត្តគម្រោង អង្គការសកម្មភាពកំចាត់មីនជប៉ុន ហៅកាត់ថា (JMAS) ដែលបាន ប្រារពធ្វើនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលពហុបំណង នៃស្ថានទូតជប៉ុននៅកម្ពុជា។
ក្នុងវេលានោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា អង្គការ JMAS នឹងបោសសម្អាតតំបន់ ដែលមានគ្រាប់បែកចង្កោមក្នុងទំហំ ១៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រ ដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាពក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការបញ្ចៀសពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជន មូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រងនិងបច្ចេកវិទ្យាកសិកម្ម។
ឯកអគ្គរាជទូតបញ្ជាក់ថា ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននេះ បានចាប់ផ្តើម នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលរបស់ជប៉ុន ក្នុងកិច្ច ខិតខំប្រឹងប្រែងជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅកម្រិតមូលដ្ឋាន។
សូមបញ្ជាក់ជូនថា ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕




