សម្ដេចធិបតី ៖ កម្ពុជា មិនទទួលស្គាល់ដាច់ខាត នូវការកាន់កាប់ទឹកដីដោយខុសច្បាប់អន្ដរជាតិ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជា មិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់ កម្លាំង។

ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកយោធាថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ជាដើម។
នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានជំហរ យ៉ាងម៉ឹងម៉ាត់ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលជាព្រំដែនអន្ដរជាតិរវាងរដ្ឋ និងរដ្ឋ នឹងត្រូវបានការពារ ដោយច្បាប់អន្ដរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ ហេតុដូច្នេះ កម្ពុជាប្រកាន់ជំហរ ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងអនាគត ដោយប្រើប្រាស់គ្រប់ មធ្យោបាយដែលកម្ពុជាមានស្របតាមច្បាប់អន្តរជាតិ។
«កម្ពុជាមិនទទួលស្គាល់ដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់ អន្ដរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ កម្ពុជា ប្រកាន់ខ្ជាប់នូវជំហរដោះស្រាយជម្លោះពំ្រដែនកម្ពុជា-ថៃ ដោយសន្ដិវិធី ដោយផ្អែកលើច្បាប់អន្ដរជាតិ ព្រមទាំងកិច្ចព្រៀមព្រៀងទាំងឡាយដែលកម្ពុជា និងថៃ ចុះហត្ថលេខាជាមួយគ្នាហើយ»។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ថែមទៀតថា រាល់វិធីសាស្ត្រទាំងឡាយណា ដែលបញ្ជាក់ អំពីអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបង្កការខ្ទេចខ្ទាំ និងការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនឹងជ្រើសយកវិធីសាស្ត្រនោះហើយ៕




ប្រភព វិទ្យុជាតិកម្ពុជា