អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បញ្ជាក់ពីការបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការកៀរគរជំនួយមនុស្សធម៌ និងជំនួយបច្ចេកទេស ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋភៀសសឹក
នាព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva)អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងថ្មី និងការចាប់ផ្តើមបំពេញភារកិច្ចជាផ្លូវការនៅកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្ន និងបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗមួយចំនួន ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ សំដៅឆ្លើយតបឱ្យចំអាទិភាព និងទាន់ពេលទៅនឹងតម្រូវការចាំបាច់បន្ទាន់ចំពោះមុខ ជាពិសេសសម្រាប់ពលរដ្ឋភៀសសឹកខ្មែរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃដែលបានវិលត្រលប់មកកម្ពុជាវិញ ក៏ដូចជា តម្រូវការអភិវឌ្ឍន៍សម្រាប់រយៈមធ្យម និងវែងរបស់កម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូនអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម និងកិច្ចអន្តរាគមរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងដាក់ចេញក្រោមក្របខ័ណ្ឌកម្មវិធីគាំពារសង្គម និងវិធានការដោះស្រាយបន្ទាន់ជាបន្តបន្ទាប់ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ ។ ជនភៀសសឹកប្រមាណជាង ៤ ០០០ គ្រួសារទៀត ដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន រាជរដ្ឋាភិបាល កំពុងផ្តោតលើការរៀបចំប្រែក្លាយជំរំទៅជាជម្រកបណ្តោះអាសន្ន និងរៀបចំសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់ ជាមួយនឹងការជំរុញការអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗទៀតសម្រាប់ការគាំទ្ររយៈពេលមធ្យម និងវែង ដើម្បីឈានទៅស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញឱ្យបានឆាប់ ។ រាជរដ្ឋាភិបាលក៏បានទទួលជំនួយមនុស្សធម៌ និងហិរញ្ញប្បទានឥតសំណងពីមិត្តចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលរាជរដ្ឋា- ភិបាល គ្រោងនឹងប្រើប្រាស់ជំនួយនេះសម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារសង្គ្រាមឡើងវិញក្នុងពេលខាងមុខនេះ ។ ជាមួយគ្នានេះ, សម្រាប់ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃហើយវិលត្រលប់មកកម្ពុជាវិញជាង ១ លាននាក់, រាជរដ្ឋាភិបាល បាននិងកំពុងបន្តជួយពលរដ្ឋរកការងារធ្វើក្នុងស្រុកឱ្យបានឆាប់តាមរយៈការផ្គូរផ្គង, កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែមទាំង Up-Skilling និង Re-Skilling, ការបង្កើតមុខរបរខ្នាតតូច, រួមទាំងកម្មវិធីជំនួយជាច្រើនផ្សេងទៀតក្នុងការគាំទ្រ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមស្វាគមន៍ចំពោះការផ្តល់ជំនួយថ្មីៗបន្ថែមពីដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ការអភិវឌ្ឍរយៈពេលមធ្យម និងវែងរបស់កម្ពុជា និងបានស្នើសុំទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme – UNDP) បន្តផ្តល់ការគាំទ្រដល់កម្ពុជា សម្រាប់ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច, ការពង្រឹងប្រព័ន្ធគាំពារសង្គម, ការរៀបចំក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិកៀរគរធនធានពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងរបៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល សម្រាប់ចក្ខុវិស័យរយៈពេលវែង ។
លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបញ្ជាក់ថា អង្គការសហប្រជាជាតិ, តាមរយៈ UNDP, ត្រៀមខ្លួនជានិច្ចក្នុងការបន្តផ្តល់ការគាំទ្រដល់របៀបវារៈអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា ជាមួយនឹងការបន្តកិច្ចសន្ទនាគោលនយោបាយ សំដៅជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៤-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព ។ លោកស្រី នឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធក្នុងការកៀរគរជំនួយមនុស្សធម៌ និងជំនួយបច្ចេកទេស ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋភៀសសឹក និងពលរដ្ឋដែលត្រលប់មកពីប្រទេសថៃវិញផងដែរ ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមទាំងបានជូនពរឱ្យលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា និងសហការីបំពេញបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ៕






ប្រភព ក្រសួងព័ត៍មាន