បែកគ្នាជាមួយអាមេរិក Huawei ងាកទៅរករុស្សី ដើម្បីយកប្រតិបត្តិការរបស់រុស្ស៊ី មកប្រើជំនួស Android
- June 13, 2019
បន្ទាប់ពីក្រុមហ៊ុន Google របស់អាមេរិកបានសម្រេចកាត់ផ្ដាច់មិនឲ្យទូរស័ព្ទ Huawei ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការណ៍ Android ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ បានងាកទៅស្វែងរកការសហការណ៍ជាមួយនឹងក្រុមហ៊ុនរុស្សីវិញក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយរបស់ខ្លួន។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច RT បានរាយការណ៍ថា ប្រធានក្រុមហ៊ុន Huawei គឺលោក Guo Ping បានទៅដល់ប្រទេសរុស្សី និងបានជួយពិភាក្សាជាមួយនឹងលោក Konstantin Noskov រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងទំនាក់ទំនងរុស្សី។
ជំនួបនេះត្រូវបានរៀបចំឡើងដំណាលគ្នា ខណៈដែលលោកប្រធានាធិបតីចិន Xi Jinping អញ្ជើញទៅជួបពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Petersburg ផងដែរ។ ក្រុមហ៊ុន Huawei បានធ្វើការចរចា ដើម្បីយកប្រព័ន្ធប្រតិបត្តិការ Aurora ដែលអភិវឌ្ឍន៍ដោយប្រទេសរុស្ស៊ី យកមកប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន សម្រាប់ជំនួសប្រព័ន្ធប្រតិបត្តិការ Android របស់ Google។ លោក Guo Ping បានឲ្យដឹងទៀតថា ប្រទេសចិនបានធ្វើតេស្តសាកល្បងរួចរាល់ហើយ ជាមួយនឹងប្រតិបត្តិការ Aurora មួយនេះ។
សូមរម្លឹកឡើងវិញថា រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump បានចោទថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនគឺជាអ្នកយកការសម្ងាត់និងអាចបង្កឲ្យមានអសន្តិសុខជាតិ ដូចនេះអាមេរិកបានបញ្ជាឲ្យក្រុមហ៊ុនអាមេរិកជាច្រើនត្រូវតែផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិនជាដាច់ខាត៕

អត្ថបទ៖ ភក្តី
ប្រភព៖ RT
- Share This Post:






