កម្ពុជា និងសាធារណរដ្ឋស៊ីប លើកកម្ពស់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថាមពល ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្មរវាងប្រទេសទាំងពីរ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ឯកឧត្តម ជា ចន័្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋស៊ីប (Cyprus )បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Michael Damianos រដ្ឋមន្ត្រីក្រសួងថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋស៊ីប ដើម្បីលើកកម្ពស់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យថាមពល ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្ម ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ក្នុងជំនួបពិភាក្សានេះ បានធ្វើឡើងនាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងនីកូស៊ីយ៉ា (Nicosia) សាធារណរដ្ឋស៊ីប។

ក្នុងឱកាសជំនួបនេះ ឯកឧត្តម ជា ចន័្ទបរិបូរណ៍ បានមានប្រសាសន៍សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ ព្រមទាំងបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យថាមពល ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្ម។ ឯកឧត្ដមបានលើកឡើងពីសក្ដានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគដ៏អំណោយផល របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យឯកជន និងទាក់ទាញវិនិយោគិនបរទេស។ ឯកឧត្តមឯកអគ្គរាជទូតក៏បានអញ្ជើញភាគីមិត្តឱ្យពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្សហប្រតិបត្តិការជាក់ស្តែង តាមរយៈការផ្លាស់ប្តូរបទពិសោធន៍បច្ចេកវិទ្យា និងការរៀបចំជំនួបរវាងសហគ្រាសនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តម Michael Damianos បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការពិភាក្សានេះ ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋស៊ីប ក្នុងការគាំទ្រ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបជូនថា ក្នុងជំនួបនេះ ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងផ្លែផ្កាល្អ ប្រកបដោយស្មារតីយោគយល់ និងប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនង និងផលប្រយោជន៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងចីរភាព៕

ប្រភព ក្រសួងព័ត៍មាន