កម្ពុជា-កាណាដា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៦ នេះបានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ឯកឧត្តម អាឡាន់ បូម៉ាន (Alan Bowman) អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ទ្វេភាគីកម្ពុជា–កាណាដាលើកទី២ នៅរាជធានីភ្នំពេញ។

ភាគីទាំងពីរបានស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបាន ចាប់តាំងពីការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ នៅទីក្រុងអូតាវ៉ា ក្នុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការអប់រំ ទេសចរណ៍ ការពារជាតិនិងសន្តិសុខ និងការបោសសម្អាតមីន។
ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរ យោបល់លើស្ថានការណ៍វិវត្តនៃនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កាណាដាដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការស្វាគមន៍វត្តមានកម្រិតខ្ពស់របស់ភាគីកាណាដា ក្នុងកិច្ចប្រជុំនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីកាណាដា អំពីស្ថានការណ៍វិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា–ថៃ។



ប្រភព ក្រសួងព័ត៍មាន