ក្រសួងកសិកម្មបំភ្លឺពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ ឆ្លើយតបទៅនឹងការចុះផ្សាយមិនពិតរបស់សារព័ត៌មានថៃ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការបំភ្លឺ ឆ្លើយតបទៅនឹងសារព័ត៌មាន The Nation Thailand ដែលចុះផ្សាយមិនពិតពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ របស់កម្ពុជា។

នៅលើបណ្តាញសង្គមនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ថ្មីៗនេះ សារព័ត៌មាន The Nation Thailand បានចុះផ្សាយអំពីរបាយការណ៍ Rice Outlook – February 2026 របស់ក្រសួងកសិកម្មអាម៉េរិក (USDA) ដែលបានបង្ហាញពីការកើនឡើងនៃបរិមាណផលស្រូវរបស់កម្ពុជា ហើយបានសន្និដ្ឋានថា កំណើននេះគឺដោយសារការបង្កើនការប្រើប្រាស់ជី និងការប្រើប្រាស់ពូជស្រូវ Hybrid។
ឯកឧត្តម អ្នកនាំពាក្យបានបន្តថា នៅក្នុងការចុះផ្សាយនោះ The Nation Thailand បានបន្ថែមពាក្យ«ជីគីមី» ដែលមានខ្លឹមសារឃ្លាតចាកពីរបាយការណ៍ដើម។ ការចុះផ្សាយបែបនេះ បង្កឱ្យមានការយល់ឃើញជាអវិជ្ជមានមកលើការប្រើប្រាស់ធាតុចូលក្នុងវិស័យកសិកម្ម ព្រមទាំងអាចប៉ះពាល់ដល់ប្រជាកសិករ និងទីផ្សារកសិផលរបស់កម្ពុជា។
ឯកឧត្តម ឃឹម ហ្វីណង់ ក៏យកឱកាសនេះបញ្ជាក់បន្ថែមអំពីការកើនឡើងនៃផលិតកម្មស្រូវរបស់កម្ពុជានាពេលថ្មីៗនេះដូចខាងក្រោម៖
• ការប្រើប្រាស់ពូជស្រូវ៖ កម្ពុជាមិនមានការអនុវត្តដាំដុះប្រភេទពូជស្រូវ Hybrid នោះទេ។ ការអភិវឌ្ឍវិស័យកសិកម្មរបស់យើងពឹងផ្អែកលើប្រភេទពូជស្រូវធម្មតា (Non-hybrid varieties) ដែលត្រូវបានកែលម្អ និងមានការប្រើប្រាស់ជាយូរមកហើយ។
• ការប្រើប្រាស់ជីកសិកម្ម និងកំណើនផលិតកម្មស្រូវ៖ ផលិតកម្មស្រូវរបស់កម្ពុជាបានកើនឡើងប្រមាណ ១លានតោន ក្នុងឆ្នាំ២០២៥។ កំណើននេះបានកើតចេញពីការពង្រីកផ្ទៃដីដាំដុះ ភាពប្រសើរឡើងនៃបច្ចេកទេសដាំដុះ និងការគ្រប់គ្រងសមាសភាពចង្រៃ ភាពអំណោយផលល្អនៃរបាយទឹកភ្លៀង និងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីកត្តាអាកាសធាតុ ជាជាងមកពីការដាំដុះប្រភេទពូជ Hybrid ឬការកើនឡើងនៃការប្រើប្រាស់ជីកសិកម្ម។
ឯកឧត្តម អ្នកនាំពាក្យបានបន្ថែមថា ទិន្នន័យផ្លូវការបានបង្ហាញថាការនាំចូលជីកសិកម្មរបស់កម្ពុជាមានការធ្លាក់ចុះនៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ ដែលបញ្ជាក់ថា កំណើនផលិតកម្មស្រូវមិនពាក់ព័ន្ធទៅនឹងការកើនឡើងនៃការប្រើប្រាស់ធាតុចូលគីមីនោះទេ៕