ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ខូយ ប៊ុនថាន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តដល់កងទ័ពការពារព្រំដែន ក្នុងខេត្តព្រះវិហារ

    BY SOMATEY March 3, 2026
    លោកជំទាវ ខូយ ប៊ុនថាន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តដល់កងទ័ពការពារព្រំដែន ក្នុងខេត្តព្រះវិហារ

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ក្នុងស្មារតីសាមគ្គីជាតិ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពសមរភូមិមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

    ក្នុងឱកាសជួបសំណេះសំណាលលោកជំទាវ ខូយ ប៊ុនថាន បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពនៃយើង មិនថាវីរយុទ្ធជន ឬវីរនារី ដែលបានលះបង់ទាំងស្មារតី និងអាយុជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។ លោកជំទាវថ្លែងបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន គឺជាសទ្ធាជ្រះថ្លាផ្ទាល់របស់លោកជំទាវប្រធាន រួមជាមួយក្រុមចលនាស្ត្រីសាលាខេត្តព្រះវិហារ មន្ទីរព័ត៌មានខេត្ដ និងមន្ទីរផែនការខេត្តព្រះវិហារ។ ជាមួយគ្នានេះដែរ ក៏មានការផ្ដល់ជូននូវទឹកពិសាបរិសុទ្ធចំនួន ៥០កេស ដែលជាអំណោយរបស់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មាន ព្រមទាំងសប្បុរសជននៅរាជធានីភ្នំពេញផងដែរ។

    បន្ថែមពីនេះលោកជំទាវ និងសហការី ក៏បានរៀបចំជាកាដូរពិសេស ផ្ដល់សំពត់ហូល និងសម្ភារៈប្រើប្រាស់ ជូនដល់កងទ័ពជាស្ត្រី ដើម្បីចូលរួមអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ដែលខិតជិតមកដល់ ក្នុងន័យលើកទឹកចិត្តដល់វីរនារីជួរមុខដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិមាតុភូមិ។

    ក្នុងឱកាសនោះដែរ មេបញ្ជាការសមរភូមិមុខ បានសម្តែងនូវក្តីរីករាយ និងចាត់ទុកសកម្មភាពនៃការចុះសួរសុខទុក្ខ និងប្រគល់អំណោយនាពេលនេះថាជាសក្ខីភាពនៃភាពកក់ក្តៅ ដែលសមរភូមិក្រោយ តែងតែផ្តល់ឱ្យសមរភូមិមុខមិនដែលខាន។ ទន្ទឹមនេះ លោកមេបញ្ជាការក៏បានកោតសរសើរចំពោះសកម្មភាពរបស់ក្រុមចលនាស្ត្រី និងជូនពរឱ្យចលនានេះ បន្តរីកធំធាត់ ដើម្បីជាសសរទ្រូងក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់តួនាទីស្ត្រីក្នុងជួរកងទ័ព ក៏ដូចជាក្នុងសង្គមជាតិទាំងមូល៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: