កម្ពុជាត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប នៅចុងខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែស៊ីជម្រៅ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចែករំលែកទស្សនៈរួម ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអំពីលទ្ធផលផ្លែផ្កានៃដំណើរទស្សនកិច្ចការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅទីក្រុងព្រុចសែល កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមក៏បានជម្រាបជូនភាគីសហភាពអឺរ៉ុបអំពីដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្ដូរទស្សនៈអំពីការវិវត្តថ្មីៗនៅក្នុងតំបន់ដែលជាផលប្រយោជន៍រួមគ្នា៕



ប្រភព វិទ្យុជាតិកម្ពុជា