ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកសារព័ត៌មានអន្តរជាតិសរុប២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាប Online Scam នៅទីតាំងមួយកន្លែង

    BY SOMATEY March 12, 2026
    អ្នកសារព័ត៌មានអន្តរជាតិសរុប២០រូប បានចុះមកយកព័ត៌មានផ្ទាល់ពីការបង្ក្រាប Online Scam នៅទីតាំងមួយកន្លែង

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា អ្នកសារត៌មានមកពីស្ថាប័នអន្តរជាតិធំៗ មានទីភ្នាក់ងារសារព័ត៌មាន Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV, សារព័ត៌មានជប៉ុន Nippon Media, ទីភ្នាក់ងារសារព័ត៌មាន European Pressphoto Agency (EPA), កាលពីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានចុះផ្ទាល់ដល់ទីតាំងឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្ដិតយករូបភាព និងយកព័ត៌មានស្តីពីការបង្រ្កាប​ជាក់ស្តែងដល់ទីតាំង ស្ថិតនៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន អគារលេខ៤១ ជាន់ទី៣០ នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃ​ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ប្រភពលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថាករណីសង្ស័យ​ថា​មាន​ការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបានចាប់ផ្តើមប្រព្រឹត្តក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០២៦ នៅទីតាំងខាង​លើនេះ ត្រូវបានសមត្ថកិច្ចជំនាញដាក់ពេលវេលាដើម្បីស្រាវជ្រាវ រហូតដល់អាចឈានដល់ការបង្រ្កាបបានជាក់ស្តែង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

    សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាន​នគរ​បាលជាតិ និងតំណាងអយ្យការអមសាលា​ដំបូងរាជធានី​ភ្នំពេញបាន​បង្ហាញប្រាប់អ្នកសាព័ត៌មាននៅពេលនោះភ្លាមៗថា ការបង្ក្រាបទីតាំង​ខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦៥នាក់(ស្រី្ត ២៧ នាក់) មានជនជាតិចិន និងជនជាតិខ្មែរក្នុងចំណោមនោះដែរ រួមទាំងវត្ថុតាង រួមមាន កុំព្យូទ័រ ALL in One ៨៩ គ្រឿង, Monitor ១ គ្រឿង CPU ០១ គ្រឿង និងទូរសព្ទបម្រើឱ្យបទល្មើស ចំនួន ៣៨៤ គ្រឿង ខណៈសម្ភារៈទាំងនោះគឺរក្សាសភាពដើម ដូចកាលមុនពេលសមត្ថកិច្ច​ចុះបង្ក្រាប ដោយពុំទាន់មានការប៉ះពាល់ ហើយរង់ចាំការអនុវត្តនីតិវិធីជា​បន្តបន្ទាប់។

    ប្រភពដដែលបន្តថា ការចុះបង្ក្រាបនេះធ្វើឡើង ក្រោមបញ្ជាផ្ទាល់ពីឯក​ឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថ​កិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌបឹងកេងកង ដោយមានការ​សម្រួលនីតិវិធី​ច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ។

    តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍ និងពិនិត្យនៅទីតាំង​ផ្ទាល់របស់សមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំង​ក្នុងប្រទេសកម្ពុជាដើម្បីប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅប្រទេសផ្សេងៗ ក្រោមរូបភាពអូសទាញជនរង​គ្រោះឱ្យដាក់ប្រាក់ក្នុងគម្រោងវិនិយោគក្លែងក្លាយ និងការលួងលោមបែប​ស្នេហា។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូន​សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្ត​តាម​នីតិវិធីច្បាប់ និងបន្តស្រាវជ្រាវដើម្បីឈានទៅកំ​ណត់​មុខ សញ្ញា​មេខ្លោងពាក់ព័ន្ធជាបន្តទៀត។

    គួររំលឹកថា សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាន និងកំពុងធ្វើប្រតិបត្តិការបង្រ្កាប និងបោសសម្អាតអំពើឆបោក​អនឡាញ យ៉ាងសកម្ម និងជាប់ជាប្រចាំ ដោយបានបង្រ្កាបទីតាំង​សរុបចំនួន​៦៥ករណី/ទីតាំង គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ។ ក្នុងការបង្រ្កាបទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យ សរុបចំនួន ៨៨៧ នាក់ (ស្ត្រី ២៣៣ នាក់)។ ក្នុងចំណោមជន​សង្ស័យដែលត្រូវបានឃាត់ខ្លួនទាំងនេះ មានជនជាតិបរទេសពាក់ព័ន្ធ​នឹងអំពើឆបោកអនឡាញ ចំនួន ៥៥៦នាក់ ក្នុងនោះស្ត្រី ចំនួន ៥៥នាក់ មាន ១៦សញ្ជាតិផ្សេងគ្នា។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំ​រឿងពាក់ព័ន្ធនឹងមេខ្លោង និងបក្ខពួក ដើម្បីគាំទ្រដល់ដំណើរការក្នុង​នីតិវិធីតុលាការ ខណៈចំពោះករណីផ្សេងទៀត សមត្ថកិច្ចរាជធានីបាន​ប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជំនាញពាក់ព័ន្ធដើម្បី​អនុវត្តនីតិវិធីបន្ត រួមទាំងការបណ្តេញចេញឱ្យត្រលប់ទៅប្រទេស​ដើមរបស់ខ្លួនវិញ។

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ។ សម្តេចធិបតីបាន​បញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់​ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: