ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ស្ពឺ និងខេត្តកំពត សម្រេចឯកភាពគ្នាកែសម្រួលព្រំប្រទល់រដ្ឋបាល ដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ១៩៤គ្រួសារ

    BY SOMATEY March 12, 2026
    រដ្ឋបាលខេត្តកំពង់ស្ពឺ និងខេត្តកំពត សម្រេចឯកភាពគ្នាកែសម្រួលព្រំប្រទល់រដ្ឋបាល ដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ១៩៤គ្រួសារ

    លោក ស៊ីម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺ និងលោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត រវាងខេត្តកំពង់ស្ពឺ និងខេត្តកំពត ដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋចំនួន១៩៤ គ្រួសារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្តទាំងពីរ ដើម្បីរួមគ្នាពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យព្រំប្រទល់ឱ្យមានតុល្យភាព និងភាពច្បាស់លាស់។

    ‎គោលបំណងចម្បងនៃជំនួបបច្ចេកទេសនេះ គឺដើម្បីស្វែងរកដំណោះស្រាយរួមគ្នាលើការកំណត់ព្រំប្រទល់ឱ្យមានភាពច្បាស់លាស់ និងមានតុល្យភាព ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើ ប្រជាពលរដ្ឋចំនួន១៩៤គ្រួសារ ដែលរស់នៅតាមបណ្តោយព្រំប្រទល់នៃខេត្តទាំងពីរ។

    ‎ក្នុងឱកាសនោះ លោក ស៊ីម រតនៈ អភិបាលរងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចពិភាក្សានៅថ្ងៃនេះ គឺមានគោលបំណងច្បាស់លាស់ក្នុងការបង្រួបបង្រួមទិន្នន័យបច្ចេកទេស និងស្ថានភាពភូមិសាស្ត្រជាក់ស្តែង ដើម្បីកំណត់ខណ្ឌសីមាឱ្យបានត្រឹមត្រូវបំផុត។ ការងារនេះមិនត្រឹមតែជួយដល់ការគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលុបបំបាត់ភាពមិនច្បាស់លាស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំប្រទល់នៃខេត្តទាំងពីរផងដែរ។

    ‎ឆ្លៀតក្នុងឱកាសនោះ លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត ក៏បានមានប្រសាសន៍លើកឡើងផងដែរថា ក្នុងនាមរដ្ឋបាលខេត្តកំពត យើងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងកែសម្រួលព្រំប្រទល់រដ្ឋបាលនេះឱ្យបានច្បាស់លាស់បំផុត។ កិច្ចការងារនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកាត់បន្ថយជម្លោះដីធ្លី ការពារសន្តិសុខសណ្តាប់ធ្នាប់ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ជាប់ព្រំប្រទល់នៃខេត្តទាំងពីរឱ្យកាន់តែមានភាពរីកចម្រើន។

    ‎ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរខេត្តបានជំរុញឱ្យក្រុមការងារបច្ចេកទេសបន្តសហការគ្នាជិតស្និទ្ធ ដើម្បីបញ្ចប់ការងារកែសម្រួលនេះឱ្យបានឆាប់រហ័ស និងមានតម្លាភាព ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: