ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត ៣ពាន់ កន្លែង ជូនដល់អតីតពលករ និងប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង

    BY SOMATEY March 16, 2026
    ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត ៣ពាន់ កន្លែង ជូនដល់អតីតពលករ និងប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង

    (បាត់ដំបង)៖ យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា សកម្មភាពនាំយកឱកាសការងារដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគឺជាកិច្ចការអាទិភាពដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះអតីតពលករ ដើម្បីធានាថាបងប្អូនទាំងនោះ និងយុវជននៅតាមមូលដ្ឋានមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួនកាន់តែប្រសើរ។

    ជាក់ស្តែង នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នេះ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តការងាររបស់ខ្លួនយ៉ាងសកម្មនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានអតីតពលករ និងប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០ នាក់ មកទទួលព័ត៌មានឱកាសការងារថ្មីៗ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស។

    ក្នុងឱកាសនោះ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការនាំយកនូវឱកាសការងារចំនួន ២ ៧៥០ កន្លែង ដែលផ្តល់ដោយតំណាងរោងចក្រ សមាគម និងទីភ្នាក់ងារបញ្ជូនពលករចំនួន ០៧ ក្នុងចំណោមឱកាសការងារសរុបជាង ៨ ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ឯកឧត្តមបញ្ជាក់ថា ការងារក្នុងស្រុកគឺជាជម្រើសដ៏ល្អ ព្រមជាមួយនូវមានលក្ខខណ្ឌការងារល្អ និងប្រាក់ឈ្នួលសមរម្យ។ អ្វីដែលកាន់តែពិសេសនោះ គឺការទទួលបានការគាំពារពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលផ្តល់នូវភាពកក់ក្តៅដល់កម្មករនិយោជិត និងការជួយសម្រាលបន្ទុកជីវភាពតាមរយៈបណ្ណក្រីក្រសម្រាប់បងប្អូនដែលមានតម្រូវការចាំបាច់។

    ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់យុវជន ជាពិសេសអតីតពលករ សូមចាប់យកឱកាសមាសសិក្សាក្នុងកម្មវិធីថ្នាក់ជាតិបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥ លាននាក់ (TVET 1.5M) ដោយមិនបង់ប្រាក់ ប៉ុន្តែទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់គ្រួសារក្រីក្រ និងងាយរងហានិភ័យទៀតផង។

    សម្រាប់បងប្អូនដែលមានបំណងស្វែងយល់ព័ត៌មានបន្ថែម ឬចុះឈ្មោះស្វែងរកការងារ សូមទំនាក់ទំនងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមរយៈលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: