អាជ្ញាធរខេត្តតាកែវ ត្រៀមរៀបចំព្រឹត្តការណ៍ “តាកែវសង្ក្រាន្តឆ្នាំ២០២៦” រយៈពេល៣ថ្ងៃ នៅបរិវេណសួនច្បារមាត់បឹងតាកែវ
យោងតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជាដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ខាងមុខនេះ អាជ្ញាធរខេត្តតាកែវ បានត្រៀមរៀបចំ “ព្រឹត្តការណ៍តាកែវសង្ក្រាន្ត ឆ្នាំ២០២៦” ដែលមានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ នៅបរិវេណសួនច្បារមាត់បឹងតាកែវ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ដើម្បីបង្ករភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី អាជ្ញាធរខេត្តនឹងរៀបចំព្រឹត្តការណ៍តាកែវសង្ក្រាន្ត រយៈពេល៣ថ្ងៃ នៅសួនច្បារមាត់បឹងតាកែវ ដោយមានរៀបចំទីតាំងកម្សាន្តសប្បាយជាច្រើនកន្លែង រួមមាន៖ ភូមិមរតកវប្បធម៌ប្រវត្តិសាស្រ្ត ភូមិល្បែងប្រជាប្រិយ តំបន់ត្រជាក់ចិត្ត ពីធីសាសនា ការសម្ដែងសិល្បៈបុរាណ និងការតាំងបង្ហាញមុខម្ហូបល្បីៗប្រចាំខេត្តតាកែវជាច្រើនទៀត។ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុងស្រុកត្រូវសហការជាមួយបណ្ដាវត្តអារាមនានា រៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយ ដើម្បីថែរក្សាមរតកវប្បធម៌ខ្មែរ ក្នុងនោះដែរក៏ត្រូវពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំសោភ័ណភាព មានការតុបតែងលម្អតាមដងផ្លូវ និងទីតាំងប្រារព្ធពិធីឱ្យមានភាពទាក់ទាញ ស្រស់ស្អាតផងដែរ៕










