ពិធីលែងត្រី ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»
(ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីលែងត្រីជានិមិត្តរូបចូលក្នុងទន្លេ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងមានការចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ។

ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក តំណាងផ្នែកឯកជន សមាគមយុវជន ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០០នាក់ ដែលបានមកចូលរួមយ៉ាងសកម្មនៅតាមដងទន្លេមេគង្គ នៃខេត្តក្រចេះ។ ជាមួយគ្នានេះដែរ សកម្មភាពនេះក៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។
សូមជម្រាបជូនផងដែរថា ពិធីលែងត្រីនេះប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការអភិរក្សធនធានធម្មជាតិ បន្តនិរន្តរភាពជីវៈចម្រុះក្នុងប្រព័ន្ធទន្លេ បណ្ដុះស្មារតីស្រឡាញ់ធម្មជាតិ និងជំរុញឱ្យមានការចូលរួមការពារធនធានជលផល ដើម្បីបង្កើនផលស្តុកត្រីក្នុងធម្មជាតិ និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីក្នុងទឹក៕







ប្រភព៖ ក្រសួងព័ត៌មាន