ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនជាតិបរទេសចំនួន ១៤នាក់ ក្នុងបុរីកំបូលស៊ីធី ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងសង្ស័យបង្កប់បទល្មើស Online Scam

    BY Liny01 April 5, 2026
    ឃាត់ខ្លួនជនជាតិបរទេសចំនួន ១៤នាក់ ក្នុងបុរីកំបូលស៊ីធី ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងសង្ស័យបង្កប់បទល្មើស Online Scam

    ‎ភ្នំពេញ៖ ឃាត់ខ្លួនបុរសជនជាតិបង់ក្លាដេស០៥ នាក់ និងប៉ាគីស្ថាន ០៩ នាក់ ក្រោយរកឃើញការស្នាក់នៅមិនប្រក្រតី និងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ស្ថិតក្នុងបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។

    ‎ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈទូរសព្ទដៃ ចំនួន ៥៧ គ្រឿង, ​កុំព្យូទ័រ (All-in-one)ចំនួន ០៥ គ្រឿងនិងស៊ីមកាត ប្រភេទស៊ីមបរទេសមួយចំនួនធំ។

    ‎‎ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លទ្ធផលកោសលវិច័យរកឃើញ ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោក online scam ក្រោមរូបភាពផ្តល់ការងារ។

    ‎‎បច្ចុប្បន្ន ជនបរទេសទាំង ១៤ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុត។

    ‎‎សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅត្រឹមខែមេសានាពេលខាងមុខនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: