ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៅតែបន្តដំណើរទៅមុខជានិច្ច ដោយឥតបង្អែរបង្អង់

    BY Nisaiy KN May 3, 2026
    យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៅតែបន្តដំណើរទៅមុខជានិច្ច ដោយឥតបង្អែរបង្អង់

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹថា ថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តដំណើរទៅមុខជានិច្ច ដោយឥតបង្អែរបង្អង់។ ជាក់ស្តែង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដើម្បីទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ចជាតិ គឺជាវិស័យអាទិភាពមួយដែលត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។

    សម្តេចធិបតីបន្តថា ទន្ទឹមនឹងការធ្វើទំនើបកម្មបចេ្ចកវិទ្យានិងសម្ភារ:, បុគ្គលិក និងមន្ត្រីទាំងអស់ដែលបម្រើការក្នុងវិស័យកំពង់ផែក៏ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំដែរ ដើម្បីជួយដល់ការពង្រឹងគុណភាពនៃកំពង់ផែ និងសេដ្ឋកិច្ចជាតិ ពិសេសការទទួលបាននូវការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំនិងទុកដាក់ក៏ដូចជាការដឹកជញ្ជូនទូកុងតឺន័រចេញពីកម្ពុជា។

    អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិថា ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ វិស័យផ្សេងៗទៀតដែលមាននៅក្នុងមុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច រួមទាំងអាទិភាពន្លឹះ និងវិធានការគន្លឹះ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីជាកម្ពុជា ជួបប្រទះនឹងការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសថៃនៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននិងបើទោះបីជាពិភពលោកកំពុងជួបប្រទះនឹងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលក៏ដោយ។ នេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពធន់ខ្លាំងឡើងជាលំដាប់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: