ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាប្រកាសបើកយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ដើម្បីប្រែក្លាយរដូវកាលនេះឱ្យទៅជា «រដូវកាលមាសពណ៌បៃតង»

    BY Nisaiy KN May 3, 2026
    កម្ពុជាប្រកាសបើកយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ដើម្បីប្រែក្លាយរដូវកាលនេះឱ្យទៅជា «រដូវកាលមាសពណ៌បៃតង»

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងគោលបំណងបំប្លែងផ្នត់គំនិតពី «រដូវកាលភ្ញៀវតិច» ឱ្យទៅជា «រដូវកាលដ៏មានសក្តានុពល» ក្រសួងទេសចរណ៍បានប្រកាសបើកជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

    យុទ្ធនាការនេះត្រូវបានរៀបចំឡើងតាមរយៈគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅជំរុញវិស័យទេសចរណ៍ឱ្យមានសកម្មភាពពេញមួយឆ្នាំ (Year Round Destination) ជាពិសេសចាប់ពីខែឧសភា ដល់ខែតុលា ដែលជាដង្ហើមនៃធម្មជាតិពណ៌បៃតង។

    យុទ្ធសាស្ត្រ «៦គួរ» និងចក្ខុវិស័យសំខាន់ៗ ដើម្បីញ៉ាំងឱ្យយុទ្ធនាការនេះកាន់តែមានភាពទាក់ទាញ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធសាស្ត្រ «៦គួរ» រួមមាន៖ ១). គួរចង់ឃើញ, ២). គួរស្នាក់នៅ, ៣). គួរភ្លក្ស, ៤). គួរទស្សនា, ៥). គួរសាកល្បង និង ៦). គួរទិញ។ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា យុទ្ធនាការឆ្នាំ២០២៦ នេះមានចក្ខុវិស័យចម្បងចំនួន ៣ គឺ៖ ១. បង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ២. ជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា។ ៣. ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើននៅទូទាំងប្រទេស ដើម្បីបំពេញចន្លោះក្នុងរដូវកាលបៃតង។ ពី «រដូវកាលភ្ញៀវតិច» ទៅជា «រដូវកាលមាសពណ៌បៃតង» នៅក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការប្តូរឈ្មោះពី «Low Season» មកជា «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរពាក្យពេចន៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួចក្នុងការផ្លាស់ប្តូរផ្នត់គំនិតទេសចរ។

    ឯកឧត្តមមានប្រសាសន៍ថា៖ «រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបញ្ចេញនូវសម្រស់ពិតប្រាកដ ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ និងការលំហែកាយដើម្បីសុខុមាលភាព»។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រ និងចង្អុលបង្ហាញផ្លូវដល់វិស័យទេសចរណ៍។

    ឯកឧត្តមក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍ ពិសេសក្រុមការងារជំរុញយុទ្ធនាការដែលដឹកនាំដោយ ឯកឧត្ដម មហាំម៉ាត់ យូណេះ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យយុទ្ធនាការនេះទទួលបានលទ្ធផលផ្លែផ្កាតាំងពីឆ្នាំ២០២៥ រហូតមកដល់ឆ្នាំ២០២៦នេះ។

    ពិធីប្រកាសនេះមានការអញ្ជើញចូលរួមយ៉ាងកុះករពីសំណាក់តំណាងអង្គទូតបរទេស ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំរាជធានី-ខេត្តទាំង ២៤ ព្រមទាំងវិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ។

    ក្រសួងទេសចរណ៍សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការរវាងរដ្ឋ និងឯកជន រដូវកាលបៃតងឆ្នាំ២០២៦ នឹងក្លាយជា «រដូវកាលមាស» ដែលនាំមកនូវស្នាមញញឹម ការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: