ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រុងប្រយ័ត្នវីរុសហាន់តា ទោះកម្ពុជាមិនទាន់មានករណីឆ្លង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការអនាម័យ ដើម្បីការពារការឆ្លងវីរុសហាន់តា (Hantavirus) ដែលអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស បន្ទាប់ពីមានករណីឆ្លង និងស្លាប់លើអ្នកដំណើរនាវាទេសចរណ៍មួយនៅអាមេរិកខាងត្បូង។

ក្រសួងបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីឆ្លងវីរុសហាន់តាលើមនុស្សនៅឡើយទេ ប៉ុន្តែបានពង្រឹងការតាមដាន និងត្រៀមប្រព័ន្ធឆ្លើយតបរួចជាស្រេច។ វីរុសនេះចម្លងជាចម្បងតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ ដូចជាកណ្តុរ និងទឹកនោម ឬលាមករបស់វា។
ក្រសួងបានណែនាំឱ្យប្រជាពលរដ្ឋរក្សាអនាម័យផ្ទះសម្បែង បិទច្រកចូលសត្វកកេរ លាងដៃឱ្យបានញឹកញាប់ និងពាក់ម៉ាស់ពេលសម្អាតកន្លែងដែលអាចមានលាមកសត្វកណ្តុរ។ ប្រជាពលរដ្ឋដែលមានអាការៈគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម ក្រោយប៉ះពាល់សត្វកកេរ ត្រូវទៅពិនិត្យសុខភាពជាបន្ទាន់៕


ប្រភព៖ ក្រសួងព័ត៌មាន