ប្រធានមន្ទីរឧស្សាហកម្មខេត្តបាត់ដំបង ៖ ម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម គឺជាកោសិកានៃឆ្អឹងខ្នង ក្នុងវិស័យសេដ្ឋកិច្ចជាតិ
លោក កើង សុខខេង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម គឺជាកោសិកា នៃឆ្អឹងខ្នង ក្នុងវិស័យសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានឆ្ពោះទៅកាន់ ឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍ ។ ថ្លែងក្នុងឱកាសដែលក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង សហការជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម និងអង្គការ UNIDO (យូនីដូ) រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពម្ហូបអាហារ និងប្រសិទ្ធភាព ធនធានផលិតកម្មស្អាត ក្រោមគម្រោងកម្មវិធីរួមគ្នាស្តីពីមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី៣ នៅខេត្តបាត់ដំបង ។ កិច្ចនេះមានការចូលរួមពីលោក ហាក់ សុខជា ទីប្រឹក្សាបច្ចេកទេសនៃអង្គការ UNIDO អ្នកជំនាញបច្ចេកទេស និងម្ចាស់សហគ្រាស សិប្បកម្ម មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តព្រះសីហនុ។

នេះគឺជាប្រធានបទ ដែលមានសារសំខាន់ មិនត្រឹមតែចំពោះវិស័យឧស្សាហកម្មម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាស្នូលពាក់ព័ន្ធផ្ទាល់ទៅនឹងសុខភាពសាធារណៈ សន្តិសុខស្បៀងភាពប្រកួតប្រជែងឧស្សាហកម្ម ការនាំចេញ និងអធិបតេយ្យភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាព ធនធានមនុស្ស និងជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈវិទ្យាសាស្ត្រ ប្រកបដោយស្តង់ដារអន្តរជាតិ ។ លោក កើង សុខខេង បានបញ្ជាក់ថា នៅក្នុងសតវត្សទី២១ដែលជាយុគសម័យនៃសេដ្ឋកិច្ចចំណេះដឹង និងការប្រកួតប្រជែងផ្អែកលើគុណភាព សុវត្ថិភាពម្ហូបអាហារមិនអាចត្រូវបានមើលឃើញត្រឹមជាការងារអនាម័យសាមញ្ញ ឬជាកាតព្វកិច្ចផ្នែករដ្ឋបាលទៀតឡើយ តែផ្ទុយទៅវិញវាជាប្រព័ន្ធគ្រប់គ្រងហានិភ័យ RBMS ដែលត្រូវការរួមបញ្ចូលចំណេះដឹងពហុវិស័យ រួមមាន វិស្វកម្ម ឧស្សាហកម្ម មីក្រូជីវវិទ្យា គីមីវិទ្យា បច្ចេកវិទ្យាកែច្នៃអាហារ ស្ថិតិ វិទ្យាសាស្ត្រទិន្នន័យ ការគ្រប់គ្រងគុណភាព និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ។ លោក ប្រធានមន្ទីរ បានបន្តថា គោលការណ៍ GHP គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការបង្កើតបរិស្ថានផលិតកម្ម ដែលមានសុវត្ថិភាព ដោយផ្តោតលើការគ្រប់គ្រងអនាម័យបុគ្គលិក អនាម័យឧបករណ៍ បរិស្ថានផលិតកម្ម ការគ្រប់គ្រងទឹក សំណល់ សត្វល្អិត និងការត្រួតពិនិត្យប្រតិបត្តិការផលិតកម្ម ។ ប៉ុន្តែ GHP តែមួយមុខ មិនទាន់គ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងហានិភ័យស្មុគស្មាញក្នុងប្រព័ន្ធផលិតកម្មទំនើបនោះទេ ។
ដោយឡែកប្រព័ន្ធ HACCP គឺជាវិធីសាស្ត្រវិទ្យាសាស្ត្រ ដែលផ្អែកលើការវិភាគហានិភ័យ និងការកំណត់ចំណុចត្រួតពិនិត្យសំខាន់ៗ នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្ការកាត់បន្ថយ ឬគ្រប់គ្រងហានិភ័យឱ្យស្ថិតក្នុងកម្រិតអាចទទួលយកបាន ។
HACCP មិនមែនជាការងារត្រួតពិនិត្យផលិតផលចុងក្រោយនោះទេ ប៉ុន្តែជាប្រព័ន្ធ “ការគ្រប់គ្រងបែបបង្ការ និងព្យាករណ៍ទុកជាមុន” ដែលផ្អែកលើការគិតជាប្រព័ន្ធ និងវិធីសាស្ត្រវិទ្យាសាស្ត្រ ក្នុងការទប់ស្កាត់បញ្ហាមុនពេលវាកើតឡើង ។
លោក កើង សុខខេង បានបន្តទៀតថា បញ្ហាសុវត្ថិភាពម្ហូបអាហារ មិនមែនជាបញ្ហារបស់រោងចក្រមួយ ឬសហគ្រាសមួយឡើយ ប៉ុន្តែជាបញ្ហារបស់ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មទាំងមូល ។ ពីកសិកម្ម ការដឹកជញ្ជូន ការផ្ទុក ការកែច្នៃ ការវេចខ្ចប់ រហូតដល់អ្នកប្រើប្រាស់ចុងក្រោយ សុទ្ធតែជាចំណុច ដែលអាចបង្កហានិភ័យបាន ប្រសិនបើខ្វះការគ្រប់គ្រងត្រឹមត្រូវ ។ ក្នុងន័យនេះ GHP និង HACCP មិនមែនត្រឹមជាបច្ចេកទេសទេ ប៉ុន្តែជាវប្បធម៌ គុណភាព ដែលត្រូវបង្កប់នៅក្នុងផ្នត់គំនិតអាកប្បកិរិយា និងទំនួលខុសត្រូវ គ្រប់បុគ្គលក្នុងអង្គភាព ។
លោក ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រទេសដែលអាចបង្កើតប្រព័ន្ធសុវត្ថិភាពម្ហូបអាហាររឹងមាំ គឺជាប្រទេសដែលអាចកសាងទំនុកចិត្តទីផ្សារ ទាក់ទាញវិនិយោគ បង្កើនសមត្ថភាពនាំចេញ និងការពារសុខភាពប្រជាពលរដ្ឋ បានយ៉ាងមានប្រសិទ្ធភាព ។ ដូច្នេះការវិនិយោគលើសុវត្ថិភាពម្ហូបអាហារ មិនមែនជាការចំណាយទេ ប៉ុន្តែជាការវិនិយោគលើភាពជឿជាក់ ស្ថិរភាពសេដ្ឋកិច្ច និងអនាគតឧស្សា ហកម្មជាតិ។
លោក សង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាវេទិកាបច្ចេកទេសដ៏មានតម្លៃ សម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ការពិភាក្សាវិទ្យាសាស្ត្រ និងការបង្កើតបណ្តាញសហការរវាងអ្នកជំនាញ មន្ត្រីបច្ចេកទេស សហគ្រាស និងស្ថាប័នពាក់ព័ន្ធ ចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា វិភាគករណីសិក្សា សួរសំណួរបច្ចេកទេស និងចែករំលែកបទពិសោធន៍ជាក់ស្តែង ដើម្បីធានាថា ចំណេះដឹងដែលទទួលបាន នឹងអាចយកទៅអនុវត្តបាន ពិតប្រាកដក្នុងប្រព័ន្ធផលិតកម្ម និងការគ្រប់គ្រងរបស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម៕



ប្រភព ក្រសួងព័ត៍មាន