Apple អាចនឹងធ្វើការផ្លាស់ប្តូរឌុយ និងរន្ធសាកថ្មថ្មីនៅលើទូរស័ព្ទ iPhone 11
- June 18, 2019
ក្រុមហ៊ុន Apple អាចនឹងធ្វើការផ្លាស់ប្តូរប្រភេទឌុយសាកថ្ម និងរន្ធសាកថ្មថ្មីនៅលើទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយតាមរយៈសារព័ត៌មាន DAILYMAIL។ ប្រភពដដែលបានបញ្ជាក់ថា រន្ធសាកថ្មថ្មីដែលនឹងមាននៅលើទូរស័ព្ទ iPhone ជំនាន់ក្រោយនោះគឺជារន្ធប្រភេទ USB-C ជំនួសឲ្យឌុយ lightning វិញ។ ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យឌុយសាកថ្មស៊េរីចាស់ៗរបស់ iPhone ដែលផលិតឡើងតាំងឆ្នាំ ២០១២ មិនអាចប្រើជាមួយនឹង iPhone ស៊េរីថ្មីនេះបានទៀតឡើយ ហើយគេនឹងលែងត្រូវការវាទៀតក្នុងពេលអនាគត។
iPhone ដែលបានរចនាជាមួយនឹងរន្ធបញ្ចូលថ្មីនេះ អាចជាទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 13 ដែលនឹងមានវត្តមាននៅក្នុងទីផ្សារក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ឌុយសាកថ្មថ្មីអាចនឹងមានតម្លៃប្រហែលជា ២៥ ដុល្លារ ហើយតម្លៃនេះអាចប្រែប្រួលតិចតួចនៅតាមបណ្តាប្រទេសផ្សេងៗ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុន Apple នៅមិនទាន់ចេញមុខមកបញ្ជាក់ជាផ្លូវការជុំវិញការផ្លាស់ប្តូរនេះ ថាវាជាការពិត ឬអត់នោះទេ៕

អត្ថបទ៖ ភក្តី
- Share This Post:






