សម្តេច ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្តីសុខ សន្តិភាព និង ភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ
(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នេះ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅ រង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលអតីតព្រលានយន្តហោះអន្តរជាតិសៀមរាប និងបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជា ពលរដ្ឋខ្មែរ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦។

នៅក្នុងពិធីនេះផងដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត, លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធី, លោកជំទាវ ឆាយ ស៊ីណា ជីវកេង, ឯក ឧត្តម ប្រាក់ សោភណ្ឌ និងលោកជំទាវ, ឯកឧត្តម មាន ចាន់យ៉ាដា, លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា គៀន ស្រីនៀង, លោកជំទាវ នេត្រ ភូម៉ារី, លោក ជំទាវ អ៊ឹង មុយគាង, ព្រមទាំង លោកជំទាវភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមង្គល បួងសួងសុំយាង «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដង្ហែចេញពីទឹកដីខេត្តឧត្តរមានជ័យ មកកាន់ទីតាំងដើមនេះវិញ ។ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូប សំណាកសក្ការៈនោះទេ ប៉ុន្តែគឺជាដួងព្រលឹងដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ។ រូបសំណាកនេះ ត្រូវបាន ដកចេញ និងជំនួសរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងឆ្នាំ២០១០ ឬ២០១១ ដោយរូបសំណាកនេះត្រូវបានយកទៅដាក់នៅក្បែររង្វង់មូលរដ្ឋបាលខេត្តឧត្តរ មានជ័យ។
យោងតាមឯកសារនានា បានរៀបរាប់នូវដំណើររឿងព្រះវិស្ណុ ឬព្រះនារាយណ៍ គង់ប្រថាប់គង់លើ ស្ដេចគ្រុឌជាយានជំនិះ គឺមានប្រវត្តិទាក់ទងនឹងការសន្យា និងការ គោរពចំពោះឫទ្ធានុភាពរបស់គ្នាទៅវិញទៅមក ក្នុងទេវកថាព្រហ្មញ្ញសាសនា។ ចំណែកឯនៅក្នុងវប្បធម៌ និងសិល្បៈខ្មែរយើង ទម្រង់ “ព្រះនារាយណ៍គង់លើគ្រុឌ” គឺជាតំណាងដ៏មានឥទ្ធិពលបំផុតមួយ ចាប់តាំងពីសម័យមុនអង្គរ អង្គរ រហូតមកដល់បច្ចុប្បន្ន ចំណែកឯក្នុង សិល្បៈចម្លាក់ យើងតែងសង្កេតឃើញរូបចម្លាក់នេះ នៅលើហោជាង ផ្តែរ ឬតាមជ្រុងនៃប្រាសាទបុរាណនានា (ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះខ័នជាដើម)។ គ្រុឌច្រើនតែបង្ហាញខ្លួន ក្នុងទម្រង់ឈរយ៉ាងរឹងមាំ ដៃទាំងពីរលើកត្រកង ឬទ្រព្រះបាទរបស់ព្រះនារាយណ៍ ដែលកំពុងឈរ ឬគង់ភ្នែនពីលើ ដៃកាន់អាវុធទិព្វ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ។ ជាពិសេស សូមឱ្យប្រទេសជាតិ ជៀសផុតនូវជំងឺឧបទ្រពចង្រៃ គ្រោះធម្មជាតិនានា សម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន សូមប្រសិទ្ធិពរជ័យដល់កងកម្លាំងប្រដាប់ អាវុធជួរមុខ និងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ៕





ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក