ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

    BY soknita July 9, 2026
    កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ បានឱ្យដឹងថា កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉ែប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជន និងប្រជាជន ព្រមទាំងការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។

    ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត Mesut Özcan ក្នុងឱកាសទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េដែលតែងតែគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុន Turkish Airlines ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ខណៈដែលឆ្នាំ២០២៥​ អាកាសយានដ្ឋានអន្តរជាតិតេជោ បានក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់ការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ពិភពលោក។

    ឯកឧត្តមបណ្ឌិត Mesut Özcan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងការកោតសរសើរចំពោះការរីកចម្រើនរបស់វិស័យទេសចរណ៍កម្ពុជា និងលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស្ថានទូត ក្នុងការបន្តធ្វើជាស្ពានសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសលើវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការគាំទ្រចំពោះការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សា (FAM Trip) និងការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា-តួកគីយ៉េ ដើម្បីរួមចំណែកជំរុញលំហូរភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះ។

    ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនតួកគីយ៉េ ដែលបានបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានស្នើស្ថានទូតតួកគីយ៉េ បន្តដើរតួនាទីជាស្ពានសម្របសម្រួលជាមួយក្រសួងវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ដើម្បីពន្លឿនការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ នាពេលឆាប់ៗ ខាងមុខ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា និងការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា-តួកគីយ៉េ ដើម្បីជំរុញការវិនិយោគ និងការភ្ជាប់ធុរកិច្ចក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍ម៉ូស្លីមកម្ពុជាឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។​

    គួរបញ្ជាក់ផងដែរថា កម្ពុជា និងតួកគី មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៩ និងបានចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នៅឆ្នាំ២០១៨ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ទៅវិញទៅមក៕

    ប្រភព៖ ក្រសួងព៏ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay