ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តសៀមរាប គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េ

    BY soknita July 9, 2026
    អាជ្ញាធរខេត្តសៀមរាប គ្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបសំណាកតំណាងមិត្តភាព «សៀមរាប-ស៊ូវ៉ុន» ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េ

    (ខេត្តសៀមរាប)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងសាងសង់រង្វង់មូលភ្នំក្រោម និងរូបតំណាងមិត្តភាពរវាងខេត្តសៀមរាប ប្រទេសកម្ពុជា និងទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េ ដើម្បីពង្រឹងចំណងមិត្តភាព និងជួយដោះស្រាយបញ្ហាចរាចរណ៍នៅតំបន់នោះ។

    កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការពិភាក្សាលើគម្រោងសាងសង់ដែលជាការបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងទាំងពីរ ដែលមានរយៈពេលជិត២០ឆ្នាំមកហើយ។

    លោក កុសល មករាពិសិទ្ធ នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរបស់ភាគីសាធារណរដ្ឋកូរ៉េ ក្នុងការចូលរួមអភិវឌ្ឍភូមិភ្នំក្រោម បានបន្តរហូតមកដល់បច្ចុប្បន្ន និងឈានចូលដំណាក់កាលទី៥ ដែលផ្តោតលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងគម្រោងសាងសង់រង្វង់មូលភ្នំក្រោម-ស៊ូវ៉ុននេះ។

    លោកបានបញ្ជាក់ថា រង្វង់មូលភ្នំក្រោមចាស់ដែលធ្លាប់មាន នឹងត្រូវបានដកចេញ ដើម្បីរៀបចំគម្រោងសាងសង់រង្វង់មូលថ្មីនៅតំបន់ភ្នំក្រោម។ ក្នុងកិច្ចប្រជុំនោះ ក៏មានការបង្ហាញរូបភាពរង្វង់មូលចាស់ គំរូប្លង់ និងការរចនា 3D នៃរង្វង់មូលថ្មី ដើម្បីឱ្យអង្គប្រជុំពិនិត្យ និងពិភាក្សាពីលក្ខណៈសមស្របតាមស្ថានភាពជាក់ស្តែង។

    លោក សុខ ប៊ុនរិទ្ធ តំណាងក្រុមហ៊ុនសាងសង់ បានបង្ហាញថា គំរូប្លង់រង្វង់មូលថ្មីនេះ មានអង្កត់ផ្ចិតធំ ១១ម៉ែត្រ និងអង្កត់ផ្ចិតគន្លាក់កណ្តាល ៧ម៉ែត្រ។ នៅចំកណ្តាលរង្វង់មូល នឹងដាក់រូបសំណាកនាគព័ន្ធ តាមរចនាបថខ្មែរ ដោយមានការរចនាបាញ់ទឹក បន្ថែមចម្លាក់ និងសិល្បៈលើផ្ទៃរង្វង់មូល ដើម្បីបង្ហាញអត្ថន័យនៃសំណង់ និងបង្កើតភាពទាក់ទាញសម្រាប់សាធារណជនចូលទស្សនា និងថតរូប។

    ជាមួយគ្នានេះ គម្រោងក៏នឹងរំលេចអត្តសញ្ញាណរបស់ភាគីកូរ៉េនៅតាមគែមរង្វង់មូល ដើម្បីឱ្យសមស្របជារូបតំណាងនៃខេត្តក្រុងសម្ព័ន្ធមេត្រីភាពរវាងសៀមរាប និងស៊ូវ៉ុន។

    ក្នុងឱកាសនោះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា គម្រោងនេះមិនត្រឹមតែជួយរឹតចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចផ្លូវប្រសព្វភ្នំក្រោម ដែលកន្លងមកមិនទាន់មានរង្វង់មូលតាមស្តង់ដារ បង្កការលំបាកដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

    លោកអភិបាលរងខេត្ត បានណែនាំឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សហការគ្នាចុះវាស់វែង និងសិក្សាឱ្យបានច្បាស់លាស់អំពីលំហូរចរាចរណ៍ បញ្ហាបរិស្ថាន និងផលប៉ះពាល់ជុំវិញទីតាំងគម្រោង ដើម្បីធានាឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay