ទូរទស្សន៍ PNN បញ្ចេញកម្មវិធីថ្មី Family Feud Cambodia អោយអ្នកចូលលេង មានឱកាសឈ្នះប្រាក់ ៤លានរៀល
រង្វាន់ប្រាក់សុទ្ធបួនលានរៀល អាចជារបស់បេក្ខជនក្រុមណាមួយដែលបង្ហាញខ្លួនលើឆាក Family Feud Cambodia ដែលជាហ្គេមទូរទស្សន៍ដ៏ល្បីនៅអាមរិកទើបនឹងមានវត្តមាននៅកម្ពុជា។ដោយស្ថិតនៅលើកំពូលតារាងក្នុងចំណោមកម្មវិធីទូរទស្សន៍ទាំង៥ដែលមានប្រជាប្រិយភាព ជាងគេនៅសហរដ្ឋអាមេរិក Family Feud Cambodia ត្រូវបាននាំយកមកកម្ពុជាហើយ។
ទូរទស្សន៍ភីអិនអិន បាននាំយកកម្មវិធីដែលមានវត្តមានលើទីផ្សារអន្តរជាតិជាង៥០ប្រទេសរួចមកហើយនេះ មកដាក់ជូនទស្សនិកជនចូលរួមកម្សាន្តឈ្នះរង្វាន់ប្រាក់លាន និងបានសាកល្បងសមត្ថភាពជាមួយសំណួរងាយៗដែលមានលក្ខណៈកំប្លុកកំប្លែង បាត់អស់ទុក្ខព្រួយកង្វល់។ បេក្ខជនមិនចាំបាច់មានកម្រិតវប្បធម៌ខ្ពស់ ប្រាជ្ញាវាងវៃក្នុងការមកចូលរួមប្រកួតនោះទេ ប៉ុន្តែត្រូវមានការគិតរហ័ស និងបត់បែនបានតាមការឈ្លេចសួររបស់ពិធីករ។

ដើម្បីចូលរួមលេងកម្សាន្តក្នុងកម្មវិធីនេះទស្សនិកជនគ្រាន់តែស្វែងរកគ្នា៤នាក់ជាក្រុមតែមួយ អាចជាគ្រួសារ ឬជាមិត្តភក្តិ ហើយដាក់ពាក្យប្រជែងយករង្វាន់៤លានរៀល ដោយចូលទៅកាន់ហ្វេសប៊ុក FamilyfeudCambodia ឬផ្ញើសារមកកាន់ Familyfeudcambodia@gmail.com។ ទូរទស្សន៍ភីអិនអិននឹងចាក់ផ្សាយកម្មវិធីនេះចាប់ពីថ្ងៃទី6 ខែកក្កដានេះតទៅ នៅរៀងរាល់យប់ថ្ងៃសោរ៍ ចាប់ពីវេលាម៉ោង៨យប់ដោយកម្មវិធីទាំងមូលទទួលបានការគាំទ្រធំពីស្រាបៀរកម្ពុជា។


