អ៉ឹម ជីវ៉ា តំណាងឲ្យសមាគមសិល្បករខ្មែរ នាំថវិកាចូលរួមពិធីបុណ្យសព និងសម្តែងការសោកស្តាយចំពោះមរណភាពរបស់តារាសម្តែងលោក ងួន កែវពេជ្រពិសិដ្ឋ
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាសម្តែង និងផលិតវីដេអូតាមប្រព័ន្ធយូធូប ងួន កែវពេជ្រពិសិដ្ឋ បានទទួលមរណភាពដោយកើតមានរោគមហារីកដុំសាច់ បង្កការសោកស្តាយដល់មហាជនជាខ្លាំង ដែលបានបាត់បង់ធនធានសិល្បៈមានសមត្ថភាពម្នាក់ទៀតហើយ។ យើងសង្កេតឃើញមានតារាប្រុសស្រីជាច្រើនបានសម្តែងការសោកស្តាយ និងចូលរួមពិធីបុណ្យសព។
ក្នុងនោះលោក អ៉ឹម ជីវ៉ា តារាសម្តែង និងចម្រៀង និងជាតំណាងសមាគមសិល្បករខ្មែរក៏បានចូលរួមផងដែរ។ លោកបានបង្ហោះសារសោកស្តាយនៅក្នុងបណ្តាញសង្គមថា «វីដេអូទិដ្ឋភាពគួរអោយអាសូរបុណ្យសពតារាសម្តែង ងួន កែវពេជ្រពិសិដ្ឋ តម្កល់នៅវត្តសំបួរមាស R.I.P.!! ល្ងាចនេះខ្ញុំបាទ អ៉ឹម ជីវ៉ា តំណាងអោយសមាគមសិល្បករខ្មែរដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក ហេង ឡុង ជាប្រធាន បានយកថវិការចំនួន៤០មុឺនរៀល មកចូលរួមពិធីបុណ្យសពតារាសម្តែង ងួន កែវពេជ្រពិសិដ្ឋ ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាស ហើយត្រូវបូជានៅថ្ងៃអាទិត្យវេលាម៉ោង៨ព្រឹក សូមវិញាណខ័ណ្ឌប្អូនប្រុសបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ដោយក្តីគោរពជាបច្ឆាមរណៈពីខ្ញុំបាទ អ៉ឹម ជីវ៉ា ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ តំណាងអោយសមាគមសិល្បករខ្មែរ»៕






