បច្ចេកវិទ្យា

រដ្ឋ California សហរដ្ឋអាមេរិក ដាក់បង្ហាញមនុស្សយន្តជំនាន់ថ្មីជំនួយការក្រុមប៉ូលីសក្នុងការត្រួតពិនិត្យ និងឆែកឆេរ ឈ្មោះថា HP Robocop

BY
Khmernote Media
June 24, 2019

ថ្មីៗនេះក្រុមប៉ូលីសនៅឯរដ្ឋ California សហរដ្ឋអាមេរិក បានកែច្នៃមនុស្សយន្ត Robot ដើម្បីធ្វើជាជំនួយការត្រួតពិនិត្យនិងឆែកឆេរតាមតំបន់មួយចំនួន ដែលខ្លួនពុំមានលទ្ធភាពពិនិត្យបានលម្អិត។ មន្ត្រីប៉ូលីសក្នុងតំបន់ The Huntington Park ដែលស្ថិតក្នុងរដ្ឋ California បានបង្ហាញរូបរាងមនុស្សយន្តកែច្នៃរបស់ខ្លួនកាលពីថ្ងៃអង្គារទី១៨ សប្តាហ៍មុន វេលាម៉ោង៦ល្ងាច នៅឯទីតាំងសាលប្រជុំ ស្ថិតនៅ City Hall។

លោកស្រីអភិបាលក្រុង Karina Macias បាននិយាយបន្ថែមពីអារម្មណ៍ខ្លួនថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលយើងអាចបង្កើតមនុស្សយន្តបែបនេះ ដែលយើងឲ្យឈ្មោះវាថា HP Robocop ដើម្បីជួយបម្រើការងារដល់ក្រុមប៉ូលីសប្រចាំតំបន់។ នេះពិតជាស្នាដៃដ៏ធំមួយគួរឲ្យកោតសរសើរ ព្រោះវាបានបង្ហាញពីគំនិតច្នៃប្រឌិតរួមជាមួយបច្ចេកវិទ្យាថ្មីៗដែលយើងបានរកឃើញ»។ គួរបញ្ចាក់ឲ្យដឹងដែរថាមនុស្សយន្ត HP RoboCop គឺត្រូវបានធ្វើការតេស្តសាកល្បងកាលពីខែមុន នៅក្នុងកម្មវិធី 5K Event ស្ថិតនៅឯ Salt Lake Park ដោយវាអាចថតជាប់វីដេអូប្រភេទ HD 360 ដឹក្រេ ដែលអាចចាត់ទុកថាជាភ្នែកបន្ថែម សម្រាប់ការត្រួតពិនិត្យតាមតំបន់មួយចំនួនដូចជាសួនច្បារ, ចន្លោះអគារ, និងតំបន់មួយចំនួនដែលក្រុមប៉ូលីសមិនមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យ៕

Share This Post: