ឃុំ ប៉ុណ្ណាដែត នាំយកថវិកាពីសប្បុរសជនមកជួយលោក សែម សង្វាត ដែលជាអតីតអ្នកចម្រៀងរួមក្រុម ដើម្បីព្យាបាលជម្ងឺប្រចាំកាយ និងជីវភាពដែលកំពុងតែខ្វះខាត
- June 25, 2019
លោក សែម សង្វាតជាអតីតសមាជិកក្រុម EV BAND ជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត, យក់ ឋិតរដ្ឋា,ឱក សុគន្ធកញ្ញា និងបូរ វិចិត្រ បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យលោកមានការលំបាកដោយត្រូវមានបន្ទុកចិញ្ចឹមកូនប្រុស៣រូប ព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត។
ក្រោយពីទទួលដំណឹងនេះលោក ឃុំ ប៉ុណ្ណាដែត បាននាំយកជំនួយដែលទទួលបានមកពីសប្បុរសជនយកមកជូនលោក សែម សង្វាត ដោយលោក ឃុំ ប៉ុណ្ណាដែត បានរៀបរាប់ថា៖ “ខ្ញុំបាទ និង ភរិយា សូមគោរពអរគុណចំពោះសប្បុរសជនទាំងអស់ដែលបានផ្តល់ជាថវិការតាមរយៈខ្ញុំបាទដេីម្បីជួយដល់លោក សែម សង្វាត ក្នុងការព្យាបាលជំងឺ ដូចមានរាយនាមដូចខាងក្រោម៖ លោក លី ឡាយ $200, លោក គង់ ប៊ុនធឿន $300, លោក គង់ វិសាល $100, លោក ករុណា ពេជ្រ $100, លោក សុគន្ធ ថេរ៉ាយុ $100, បងស្រី ម៉ុង ម៉ូនីកា $50 និង លោកស្រី ង៉ែត ធាវី $50។ សូមជូនពរដល់សប្បុរសជនទាំងអស់ដែលបានជួយផ្តល់ជាថវិកាជូនដល់បងប្រុស សែម សង្វាត សូមអោយបងប្អូនទាំងអស់ជួបតែសេចក្តីសុខ ជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡេីយ សូមអរគុណ”។
គួររំលឹកថាលោក សែម សង្វាត គឺជាម្ចាស់បទ “កម្មករឆ្លងដែន” មានជំងឺជាបន្តបន្ទាប់ ដូចជា ក្រពះ ពោះវៀន រាំរ៉ៃ និងថ្លើមប្រភេទ B ក៏ដូចជា លំពែងធ្លាក់មួយចំហៀង លោកតែងប្រើថ្នាំពេទ្យជាប្រចាំ សព្វថ្ងៃនេះ លោក សែម សង្វាត ជាពោះម៉ាយទទួលភារកិច្ចចិញ្ចឹម កូនប្រុសទាំងអស់បីនាក់ ម្តាយចាស់ជរាម្នាក់ និងបងស្រីរបស់លោកម្នាក់ទៀត។ ដូច្នេះហើយប្រសិនបើសប្បុរសជនចង់ផ្តល់ជាជំនួយសូមទាក់ទងមកលេខទូរស័ព្ទរបស់លោក ០១១ ៦៦៣ ០០៨៕



ដោយ៖ ណារ៉ែន
- Share This Post:






