លោក Song Joong Ki ដាក់ពាក្យបណ្តឹងសុំលែងលះ Song Hye Kyo ក្រោយពីរៀបអាពាហ៍ពិពាហ៍បានរយៈពេលជិត២ឆ្នាំ
- June 27, 2019
យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Soompi បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក Park Jae Hyun មេធាវីរបស់លោក Song Joong Ki បានធ្វើការប្រកាសថា លោក Song Joong Ki បានធ្វើការដាក់ពាក្យបណ្តឹងសុំលែងលះអ្នកនាង Song Hye Kyo នៅឯតុលាការ Family Seoul កាលពីថ្ងៃទី២៦ ខែមិថុនា។ លើសពីនេះទៀតលោក Park Jae Hyun ក៏បានបង្ហាញពីការប្រកាសផ្លូវការមួយរបស់ Song Joong Ki ដែលលោកបានធ្វើការសុំអភ័យទោស ដែលបណ្តាលឲ្យមានការដាក់ពាក្យបណ្តឹងលែងលះនេះ៖
“ដំបូងខ្ញុំសូមសុំទោសចំពោះការផ្តល់ព័ត៌មានអកុសលដល់អ្នកគាំទ្រជាច្រើនដែលស្រឡាញ់ និងបារម្មណ៍ពីខ្ញុំ។ ខ្ញុំបានចាប់ផ្តើមដំណើរការនៃការដាក់ពាក្យបណ្តឹងលែងលះ Song Hye Kyo។ លោកក៏បានបន្តថា ៖ “ជាជាងការចោទគ្នាទៅវិញទៅមក និងការឈ្លោះប្រកែកគ្នាអំពីថាតើវាជាកំហុសនរណា ខ្ញុំសង្ឃឹមថា ដំណើរការលែងលះអាចត្រូវបានដោះស្រាយយ៉ាងមានអធ្យាស្រ័យ។ ខ្ញុំសុំការយោគយល់របស់អ្នកទាំងអស់គ្នា ទាក់ទងទៅនឹងការពិតដែលថា វាពិបាកក្នុងការនិយាយលម្អិតអំពីជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខ្ញុំនឹងធូរស្រាលពីបញ្ហាដែលមាននាពេលបច្ចុប្បន្នរបស់ខ្ញុំ និងខិតខំឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំក្នុងនាមជាតារាសម្តែងម្នាក់ ដើម្បីតបស្នងអ្នកគាំទ្រតាមរយៈផលិតកម្មដ៏អស្ចារ្យនាពេលអនាគត”។
គួររំលឹកថា លោក Song Joong Ki និង អ្នកនាង Song Hye Kyo បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅក្នុងខែតុលា ឆ្នាំ២០១៧ ក្រោយពីបានសម្តែងរឿង “Descendants of the Sun ” ជាមួយគ្នា៕


ដោយ៖ ណារ៉ែន
- Share This Post:






