ចាំបាច់ត្រូវដឹង ក្មេងអាយុក្រោម១ឆ្នាំ កើតគ្រុនឈាមគ្រោះថ្នាក់ខ្លាំង ហេតុអីទៅ?
ខណៈជំងឺគ្រុនឈាមកើនឡើងខ្លាំងចាប់តាំងពីដើមឆ្នាំ រហូតដល់ពាក់កណ្តាលឆ្នាំ ២០១៩ នេះ ធ្វើឲ្យម៉ាក់ប៉ាមានការព្រួយបារម្ភចំពោះកូនតូចៗ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នេះ លោកវេជ្ជបណ្ឌិត អ៊ុង សុផល ប្រធានអនុគណៈកម្មការគ្រប់គ្រង ផ្នែកគ្លីនិក នៃជំងឺគ្រុនឈាម ថា កុមារក្រោមអាយុ ១ ឆ្នាំ កើតជំងឺគ្រុនឈាមគ្រោះថ្នាក់ខ្លាំងបំផុត។
ចំពោះមូលហេតុដែលក្មេងអាយុក្រោម ១ ឆ្នាំ បើកើតជំងឺគ្រុនឈាមហើយគ្រោះថ្នាក់ខ្លាំងនោះ លោកវេជ្ជបណ្ឌិតថា រោគសញ្ញាដំបូងបំផុតរបស់ជំងឺគ្រុនឈាម គឺការកើនកម្តៅលើសពី ៣៨ អង្សារសេ ចំពោះកូនក្មេងឲ្យតែក្តៅខ្លួនខ្លាំង ងាយនឹងប្រកាច់ ធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល។
បើនិយាយពីការប្រើថ្នាំវិញ កូនក្មេងតែកាលណាគ្រូពេទ្យប្រើថ្នាំច្រើនដើម្បីព្យាបាល អាចធ្វើឲ្យប៉ះពាល់ដល់ថ្លើម ម្ល៉ោះហើយការព្យាបាលកូនក្មេងដែលកើតជំងឺគ្រុនឈាម ក៏យូរទៅតាមនោះដែរ។ អ្វីដែលរឹតគ្រោះថ្នាក់ទៅទៀតនោះ បើកូនក្មេងមានជំងឺផ្សេងរួមផ្សំទៀត ខណៈកើតជំងឺគ្រុនឈាម រឹតតែគ្រោះថ្នាក់ ពិបាកក្នុងព្យាបាល។
ដោយហេតុថា ជំងឺគ្រុនឈាមកំពុងកើតឡើងយ៉ាងគំហុក និងអាចគ្រោះថ្នាក់ដល់ជីវិតនោះ លោកវេជ្ជបណ្ឌិត អ៊ុង សុផល ស្នើឲ្យឪពុកម្តាយទាំងអស់មានការប្រុងប្រយ័ត្ន ការពារមិនឲ្យមូសខ្លាខាំ កូនក្តៅខ្លួនលើសពី៧២ ម៉ោង ដាក់ថ្នាំបញ្ចុះកម្តៅមិនបាត់ ត្រូវឆាប់នាំកូនទៅមន្ទីរពេទ្យ មិនត្រូវសាកល្បងព្យាបាលនៅផ្ទះខ្លួនឯង ឬទៅព្យាបាលនៅសេវាឯកជននោះទេ។

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ