ញ៉ាំសាច់ក្រហមច្រើនពេក អាចឆាប់ស្លាប់ មែនអត់?
ដោយសារសាច់ក្រហមសម្បូរប្រតូអ៊ីន និងសារជាតិចិញ្ចឹមខ្ពស់ ជួយឲ្យយើងញ៉ាំហើយមានកម្លាំង ប៉ុន្តែនៅពេលញ៉ាំពពួកសាច់ប្រភេទនេះច្រើនលើសកម្រិត អាចបណ្តាលឲ្យមានគ្រោះថ្នាក់ ព្រោះការសិក្សាថ្មីរកឃើញថា ញ៉ាំសាច់ក្រហមច្រើនអាចបណ្តាលឲ្យស្លាប់។
ក្រុមអ្នកស្រាវជ្រាវ មកពី សាលា Harvard T.H. Chan ក្នុងរដ្ឋ Boston សហរដ្ឋអាមេរិក បានសិក្សាទិន្នន័យវិភាគលើស្រីៗចំនួន ៥៣,០០០នាក់ និងប្រុស ប្រមាណ ២៨,០០០នាក់ ពីទម្លាប់ញ៉ាំអាហារលើសកំណត់ ហើយជាលទ្ធផល ពេលមនុស្សយើងបង្កើនការញ៉ាំសាច់ក្រហម ច្រើនជាងធម្មតាក្នុងរយៈពេល ៨ឆ្នាំ អត្រាស្លាប់អាចកើនឡើង ១០% ក្នុងឆ្នាំបន្ទាប់ ច្រើនជាងអ្នកមិនបង្កើនបរិមាណសាច់ក្រហមក្នុងម្ហូប។ ពពួកសាច់កែច្នៃ ដូចជា សាច់ជ្រូកបន្ទះ (Bacon) និងសាច់កញ្ចប់ ទំនងជាធ្វើឲ្យញ៉ាំឆាប់ស្លាប់ ដោយញ៉ាំពពួកសាច់ទាំងនេះកាន់តែច្រើន អត្រាស្លាប់កើនដល់ ១៣% បើប្រៀបធៀបនឹងសាច់មិនទាន់កែច្នៃ មានត្រឹម ៩% ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្នុងដំណាក់កាលដំបូងនៃការស្រាវជ្រាវ មិនមានសញ្ញាណាបញ្ជាក់ពីវត្តមានជំងឺបេះដូង ឬមហារីក កើតលើអ្នកចូលរួមក្នុងការពិសោធនេះនៅឡើយ តែគេរកឃើញសញ្ញាពាក់ព័ន្ធ គ្នារវាងការញ៉ាំសាច់ក្រហមច្រើន និងកំណើនអត្រាស្លាប់ដោយបញ្ហាបេះដូង បញ្ហាដង្ហើម និងខួរក្បាលខុសប្រក្រតី។ ទោះបីយ៉ាងណា នៅពេលយើងកាត់បន្ថយការញ៉ាំសាច់ក្រហម ដោយជំនួសមកញ៉ាំ បន្លែ ពពួកគ្រាប់ធញ្ញជាតិ សាច់ត្រី សាច់មាន់មិនជាប់ស្បែក អត្រាឆាប់ស្លាប់ក៏ថយចុះដែរ។

លោក Frank Hu ប្រធានផ្នែកចំណីអាហារនៃសាលា Harvard T.H. Chan និងជាអ្នកនិពន្ធជាន់ខ្ពស់លើការសិក្សាស្រាវជ្រាវនេះ លើកឡើងថា “ពីការសិក្សារបស់យើង គឺចង់ឲ្យមនុស្សគ្រប់គ្នាគួរកាត់បន្ថយញុាំពពួកសាច់ក្រហម និងសាច់កែច្នៃ ហើយជំនួសដោយប្រូតេអ៊ីនផ្ដល់សុខភាពជាងនេះ ដូចជា សាច់ត្រី គ្រាប់ធញ្ញជាតិ ស្រូវសាលី និងពពួកសណ្ដែកជាដើម”។
លោក Hu បន្ថែមទៀតថា អ្វីលោកនិយាយមិនមែនមានន័យ គ្រប់គ្នាគួរក្លាយជាញុាំបួសទេ ប៉ុន្ដែដើម្បីរស់នៅបានយូរ និងមានសុខភាពល្អ ក្រៅពីមានរបបអាហារសុខភាពហើយ ចាំបាច់យើងត្រូវរក្សាទម្ងន់រាងកាយរបស់យើងឲ្យបានល្អ ដោយឧស្សាហ៍ធ្វើចលនា និងចៀសវាងជក់បារី។ ដោយសារ ការសិក្សាបង្ហាញថា អ្នកចូលចិត្តញុាំសាច់ក្រហមច្រើន ភាគច្រើនមានទម្លាប់មិនល្អជាប់ជាមួយ ដូចជា ជក់បារី និងមិនហាត់ប្រាណ ដែលកត្តាទាំងនេះសុទ្ធតែធ្វើឲ្យអាយុខ្លី។
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ