បែកធ្លាយរូបភាពខ្នងក្រោយរបស់ Huawei Mate 30 Pro
- July 4, 2019
បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយនឹងក្រុមហ៊ុន Google មួយប្រាវរួចមក ពេលនេះរូបភាពនៃទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានបែកធ្លាយពេញបណ្តាញអ៊ីនធឺណិត។ តាមរយៈរូបភាពមួយសន្លឹកដែលត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មានបច្ចេកវិទ្យា GSMARENA បានបង្ហាញពី កញ្ចក់ផ្នែកខាងក្រោយរបស់ Mate 30 Pro មានប្រហោងសម្រាប់ដាក់កាមេរ៉ាយ៉ាងធំមួយ។ ផ្អែកលើរូបភាពដែលបានបែកធ្លាយនោះ ប្រិយមិត្តរបស់ Huawei ជាច្រើនបានព្យាការណ៍ថា កាមេរ៉ាក្រោយរបស់ Mate 30 Pro នឹងស្ថិតនៅក្នុងរង្វង់ដ៏ធំមួយ ដែលក្នុងរង្វង់នោះអាចនឹងមានកាម៉េរាជាច្រើនគ្រាប់ទៀត។
កាលពីឆ្នាំកន្លងទៅ Huawei បានបញ្ចេញនូវទូរស័ព្ទ Mate 20 Pro ជាមួយនឹងកាមេរ៉ាមានសមត្ថភាពខ្ពស់មួយ ដែលមានមុខងារពិសេសជាច្រើន និងល្អបំផុតសម្រាប់អ្នកចូលចិត្តថតរូប។ ព្រោះតែ Huawei ជំនាន់មុនៗមានកាមេរ៉ាល្អដូចនេះហើយ ទើបប្រិយមិត្តរបស់ Huawei រង់ចាំមើលថាតើកាមេរ៉ារបស់ Mate 30 Pro ល្អ និងមានលក្ខណៈពិសេសយ៉ាងណាទៅ។ សូមបញ្ជាក់ថា តាមព័ត៌មានដែលគេទទួលបានឲ្យដឹងថា Huawei គ្រោងនឹងបញ្ចេញលក់ Mate 30 Pro នៅអំឡុងខែតុលាខាងមុខនេះ៕

អត្ថបទ៖ ភក្តី
- Share This Post:






