កំពុងពពោះ ហាមធ្វើការងារផ្ទះទាំងនេះ
ស្រីៗគ្នាយើងអំឡុងពេលពពោះ ត្រូវប្រយ័ត្នឲ្យបានច្រើន ជាពិសេសការងារផ្ទះតែម្តង។ “Hello គ្រូពេទ្យ” នឹងបង្ហាញ ការងារផ្ទះប៉ុន្មានមុខខាងក្រោម បើចៀសបានចៀសទៅ ព្រោះអាចប៉ះពាល់សុខភាពទាំងម្ដាយ និងគភ៌។
១- ប្រើប្រាស់សារធាតុគីមី
សារធាតុគីមីដែលមានក្នុងផ្ទះ អាចជាថ្នាំបាញ់មូស ទឹកសម្អាត ឬផលិតផលសម្អាតមានជាតិគីមីខ្ពស់។ បើចង់សម្អាតបន្ទប់ទឹកដែលកខ្វក់ ឬកម្ចាត់មេរោគ យើងត្រូវសុំជំនួយពីប្ដី ឬអ្នកផ្ទះ។ ផលិតផលសម្អាតបែបធម្មជាតិ ដូចជា ទឹកខ្មេះ ក្រូចឆ្មារ អាចជាវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់សុខភាព។
២- លើកផ្លាស់ទីគ្រឿងសង្ហារិមធ្ងន់ៗ
ត្រូវចាំថា ការលើកផ្លាស់ទីគ្រឿងសង្ហារិមធ្ងន់ៗ អាចបង្កើនហានិភ័យសាច់ដុំ ឈឺចុកចាប់ ឬមានគ្រោះថ្នាក់ ព្រោះពេលមានផ្ទៃពោះ ជាលិកាឈ្នាប់ និងសន្លាក់ ប្រហែលជាចុះខ្សោយ។ ដោយទម្ងន់រាងកាយយើងកើនឡើង អាចនឹងបង្កើតការបាត់បង់តុល្យភាព បង្កើនឱកាសរងរបួសផ្សេងៗបានយ៉ាងងាយ។ ក្រៅពីនេះ ការរុញគ្រឿងសង្ហារិមធ្ងន់ៗ ក៏អាចបណ្ដាលឲ្យមានបញ្ហាសាច់ដុំដូចគ្នា ហេតុនេះយើងគួរឲ្យប្ដីយើង ឬនរណាម្នាក់ក្នុងផ្ទះ ជួយការងារនេះជំនួសវិញ។
៣- សម្អាតទ្រុងសត្វចិញ្ចឹម
ជំងឺ Toxoplasmosis ជាជំងឺឆ្លង ដែលអាចឆ្លងពីលាមកឆ្មា និងត្រូវគ្រូពេទ្យអះអាងថាមានហានិភ័យសុខភាពធ្ងន់ធ្ងរបំផុតទៅលើគភ៌ក្នុងផ្ទៃ។ យើងក៏អាចនឹងប៉ះជាមួយប៉ារាស៊ីត ឬមេរោគ ពេលដែលសម្អាតអាចម៍ឆ្កែ ឆ្មា។ បើចាំបាច់ត្រូវធ្វើរឿងនេះ ត្រូវពាក់ស្រោមដៃ និងលាងសម្អាតដៃឲ្យបានស្អាតបន្ទាប់ពីធ្វើរួច ឬប្រាប់នរណាម្នាក់ធ្វើជំនួស។
៤- ឡើងកៅអីខ្ពស់ៗ ឬជណ្ដើរ
ការងារផ្ទះណាដែលតម្រូវឱ្យយើងឡើង ដូចជា កៅអី តុ ឬកៅអីជើងម៉ា ត្រូវតែចៀសវាង។ យើងអាចធ្លាក់ និងមានគ្រោះថ្នាក់បំផុតទាំងម្តាយ និងកូនក្នុងផ្ទៃ។
៥- ជូតផ្ទះ
សកម្មភាពទាំងនេះអាចប៉ះពាល់ដល់ខ្នង និងសរសៃយើង ហេតុនេះសូមសម្រាកឲ្យបានញឹកញាប់ នៅពេលធ្វើការងារនេះ។
៦- សម្អាតបង្អួច
ងាយឲ្យយើងធ្លាក់ នៅពេលយើងឈរលើកន្លែង ឬជណ្តើរខ្ពស់ ដើម្បីធ្វើការសម្អាតបង្អួច។ គួរយកក្រដាសសើមតិចៗមកជូតជំនួសការសម្អាតធម្មតា។
៧- ជូតសម្អាតគ្រឿងសង្ហារិម
ពេទ្យហាមដាច់ខាត មិនឲ្យកែលម្អ សម្អាតគ្រឿងសង្ហារិម នៅពេលមានផ្ទៃពោះទេ ព្រោះអាចធ្វើឲ្យយើងប៉ះពាល់ជាតិថ្នាំមានក្នុងគ្រឿងសង្ហារិមចាស់ៗទាំងនោះ។ សារធាតុ Polyurethane ឬថ្នាំលាប សុទ្ធតែអាចបង្កហានិភ័យកូនកើតមុនខែ។ ការប៉ះពាល់សារធាតុគីមីទាំងនោះ អាចធ្វើឲ្យកូនក្នុងផ្ទៃប្រឈមហានិភ័យខ្ពស់កើតមកមិនប្រក្រតី និងមានបញ្ហាខ្សោយសតិបញ្ហា។ យ៉ាងណា បើចង់ធ្វើការងារទាំងនេះ គួរធ្វើដោយប្រយ័ត្នដូចខាងក្រោម៖
– ធ្វើនៅខាងក្រៅផ្ទះ ឬក្នុងកន្លែងមានកង្ហារស្រូបខ្យល់ចេញ ដើម្បីការពារហានិភ័យផ្សែងដែលអាចប៉ះពាល់នោះមកលើខ្លួនយើង។
– ពាក់ស្រោមដៃ ខោ ឬអាវដៃវែងពេលធ្វើការ
– ពាក់ម៉ាស់ ដើម្បីការពារលម្អងធូលី
– ចៀសវាងញ៉ាំទឹក ពេលកំពុងធ្វើការ
– មិនប្រើប្រាស់ផលិតផលមានសារធាតុរំលាយ (Solvent)។
បើមានអាការៈឈឺក្បាល ចង្អោរ ឬឈឺក្បាលតិចៗ ត្រូវឈប់ធ្វើភ្លាមៗ និងរកកន្លែងណាមានខ្យល់បរិសុទ្ធដើម្បីដកដង្ហើម។ យ៉ាងណាមិញ វិធីសាស្ត្រល្អបំផុត ត្រូវប្រគល់ការងារនេះឲ្យអ្នកដទៃធ្វើជំនួសវិញ ឬចាំពេលសម្រាលកូនរួច សឹមធ្វើក៏មិនទាន់ហួសពេលដែរ។

ផ្តល់សិទ្ធដោយ៖ Helloគ្រូពេទ្យ