បច្ចេកវិទ្យា

បុរសម្នាក់ស្ទើរតែបាត់បង់ជីវិត សំណាងបាន Apple Watch ជួយជីវិតទាន់ពេល

BY
Khmernote Media
July 17, 2019

សារព័ត៌មានអេឡិចត្រូនិច DAILYMAIL បានចុះផ្សាយដោយអះអាងថា​​ នាឡិកាឆ្លាតវ័យរបស់ក្រុមហ៊ុន Apple បានជួយសង្គ្រោះជីវិតបុរសម្នាក់ពីបញ្ហាបេះដូង។ ប្រភពខាងលើនេះបានរៀបរាប់ថា បុរសជាជនរងគ្រោះមានឈ្មោះថា Jorge Cox អាយុ ២២ ឆ្នាំ រ​ស់នៅក្នុងក្រុង Manchester ប្រទេសអង់គ្លេស ហើយគាត់ជាអ្នកមានបញ្ហាបេះដូងប្រចាំកាយម្នាក់។ ក្នុងថ្ងៃកើតហេតុខណៈដែលបុរសជនរងគ្រោះកំពុងតែសម្រាកនៅក្នុងផ្ទះតែម្នាក់ឯងនោះស្រាប់តែនាឡិកា Apple ដែលគាត់កំពុងតែពាក់នោះបានលោតសញ្ញាបង្ហាញថា ចង្វាក់បេះដូងរបស់គាត់បានលោតខុសប្រក្រតីគឺឡើងដល់ ១៣០ ដងក្នុងមួយនាទី ខណៈដែលអ្នកមានសុខភាពល្អគឺចង្វាក់បេះដូងលោតក្នុងកម្រិតពី ៦០ ទៅ ១០០ ដងប៉ុណ្ណោះក្នុងមួយនាទី។

ក្រោយទទួលបានសារព្រមានពីនាឡិកាដូចនេះ បុរសជនរងគ្រោះក៏បានប្រញាប់ទៅកាន់មន្ទីរពេទ្យ ហើយវេជ្ជបណ្ឌិតក៏បានជួយសង្គ្រោះជីវិតគាត់បានទាន់ពេលវេលា។ តាមការបញ្ជាក់របស់គ្រូពេទ្យបានឲ្យដឹងថា ប្រសិនបើជនរងគ្រោះមកមន្ទីរពេទ្យមិនទាន់នោះទេ គាត់ប្រាកដជាស្លាប់មិនខាន ព្រោះថាបេះដូងរបស់គាត់នឹងធ្វើទុកកាន់តែខ្លាំងក្នុងរយៈពេល ២ ឬ ៣ ម៉ោងទៀត ហើយអាចឈានដល់គាំងលែងដំណើរការតែម្តង ហើយខណៈដែលគាត់នៅផ្ទះតែម្នាក់ឯងទៀតនោះវាច្បាស់ណាស់ថា គាត់មានភាគរយខ្ពស់ណាស់ក្នុងការបាត់បង់ជីវិត។ ក្រោយជាសះស្បើយពីបញ្ហាបេះដូង បុរសជនរងគ្រោះបានសម្តែងនូវការដឹងគុណជាខ្លាំងចំពោះនាឡិកា AppleWatch ដែលបានជួយសង្គ្រោះជីវិតរបស់គាត់៕

អត្ថបទ៖ ភក្តី

Share This Post: