Hello គ្រូពេទ្យ និង Khmernote ចាប់ដៃគូគ្នា ដើម្បីផ្តល់ព័ត៌មានស៊ីជម្រៅ ហើយជឿទុកចិត្ត ទៅដល់អ្នកអាន ពាក់ព័ន្ធនឹងចំណេះដឹងសុខភាព
ស្ថាប័នសារព័ត៌មានឌីជីថលចំនួន២ គឺ Hello គ្រូពេទ្យ និង Khmernote បានចាប់ដៃគូគ្នា ដើម្បីផ្តល់ព័ត៌មានបែបស៊ីជម្រៅ ហើយជឿទុកចិត្ត ទៅកាន់មិត្តអ្នកអាន ពាក់ព័ន្ធទៅនឹងព័ត៌មានចំណេះដឹងសុខភាព។ ក្នុងនោះដែរ លោក ជួង សុវណ្ណ សហស្ថាបនិក និងជាប្រធានផ្នែកទីផ្សារ នៅអង្គភាពសារព័ត៌មានឌីជីថល Khmernote បានអោយដឹងថា កិច្ចសហការគ្នាជាដៃគូផ្សព្វផ្សាយ រវាងយើង និង Hello គ្រូពេទ្យ គឺជាសញ្ញាវិជ្ជមានមួយ ក្នុងការផ្សព្វផ្សាយ ព័ត៌មានសុខភាពទៅកាន់ពលរដ្ឋកម្ពុជា ដែលស៊ីជម្រៅនិងអាចជឿទុកចិត្តបាន ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ចំពោះមិត្តអ្នកអាន ដើម្បីអោយពួកគាត់ទទួលបានចំណេះដឹងពាក់ព័ន្ធនឹងសុខភាព ដ៏សំបូរបែប។
ដោយឡែក លោក ជីព ចិត្ត និពន្ធនាយក និងប្រធានយុទ្ធសាស្ត្រឌីជីថល (Hello គ្រូពេទ្យ) ក៏បានថ្លែងថា៖ “ខ្ញុំសប្បាយចិត្តដែលបានដៃគូឌីជីថលធំមួយទៀតដូច Khmernote។ យើងឃើញពីកង្វះខាតផ្នែកសុខភាពបែបវិជ្ជាជីវៈ អាជីព ស៊ីជម្រៅ ហើយជឿទុកចិត្តបាន មានដុកទ័រ មានពេទ្យវាយតម្លៃមុនចេញដើម្បីដោះស្រាយបញ្ហា ឬចម្ងល់ពីសុខភាពបងប្អូនយើង ព្រោះពួកគាត់ពិបាករត់រកសេវាប្រឹក្សាយោបល់ ជាប្រព័ន្ធផ្សព្វផ្សាយណាស់…ដូច្នេះមួយខែៗ ខាងខ្ញុំឆ្លើយឆ្លងសំណួរចម្លើយពីបងប្អូនយើង រាប់ពាន់សំណួរក្នុងផេក។
Hello គ្រូពេទ្យ នៅតូច អាយុអត់ទាន់មានមួយឆ្នាំទេ គិតត្រឹមថ្ងៃនេះ អ៊ីចឹងបើមានដៃគូព័ត៌មាន ដែលគាត់ជួយផ្សាយបន្ត គាត់យល់ពីគោលដៅយើង ដើម្បីជាប្រយោជន៍ជាសាធារណៈ យើងកាន់តែត្រេកអរ ព្រោះនេះជាប្រយោជន៍រួម ចំពោះបងប្អូនយើងគ្រប់គ្នា ដែលគាត់បានអាន ឬទទួលគន្លឹះ ឬដំណឹងនានា ជុំវិញរឿងសុខភាព។ ខ្ញុំនៅតែប្រកាន់ជំហរថា ល្អ ក្នុងករណីដែលបងប្អូន គាត់ងាកមកចាប់អារម្មណ៍រឿងសុខភាព មិនថាគាត់មើលតាមវេបសាយ ឬដៃគូព័ត៌មានយើង ១ណាទេ គឺល្អ កុំចាំទាល់តែ គាត់មើល Hello គ្រូពេទ្យ បានថាល្អ ព្រោះដូចខ្ញុំបញ្ជាក់ ផលប្រយោជន៍ចុងក្រោយគឺអ្នកអានយើង ធ្វើម៉េចឲ្យពួកគាត់មានសុខភាពល្អបរិបូរណ៍។
ចំណុចសំខាន់មួយទៀត គឺជាការទទួលខុសត្រូវ របស់ស្ថាប័នសារព័ត៌មានធំៗ ដែលពួកគាត់មានឈ្មោះបោះសំឡេង បងប្អូនអ្នកអានគាត់ជឿទុកចិត្តហើយ គឺខ្ញុំឲ្យតម្លៃខ្ពស់ទៅលើចំណុចកម្មសិទ្ធិបញ្ញា។”
