ម៉ាក់ប៉ាអន់កម្ពស់ ហើយខ្លាចកូនអញ្ចឹងដែរ គួរធ្វើតាមវិធីនេះ
កម្ពស់កូន គឺជាក្ដីបារម្ភមួយសម្រាប់ម៉ាក់ប៉ាបច្ចុប្បន្ននេះ ដូចនេះដើម្បីឲ្យកូនលូតកម្ពស់បានល្អ យើងត្រូវដឹងពីរឿងមួយចំនួននេះ ហើយខិតខំបំប៉នកូនតាំងពីតូចរហូតដល់ធំ។ ចង់ដឹងថាអាហារបែបណាដែលអាចជួយឲ្យកូនលូតកម្ពស់បានល្អ លោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិ នឹងបង្ហាញពីតិចនិកមួយចំនួនដូចខាងក្រោម៖
ម៉ាក់ប៉ាទាំងអស់ដែលចង់ឲ្យកូនលូតកម្ពស់បានល្អ ត្រូវតែឲ្យកូនញ៉ាំអាហារសម្បូរជាតិកាល់ស្យូមឲ្យបានច្រើន ញ៉ាំបន្លែផ្លែឈើឲ្យបានគ្រប់មុខ និងនាំកូនហាត់ប្រាណឲ្យបានញឹកញាប់ ព្រោះការហាត់ប្រាណច្រើនជួយឲ្យឆ្អឹងកុមារលូតលាស់បានល្អបូករួមពេលទទួលបានជីវជាតិគ្រប់គ្រាន់ទៀត។
ចំណីដែលចាំបាច់សម្រាប់កុមារលូតកម្ពស់មិនអាចខ្វះបាន គឺទឹកដោះគោ ឬយ៉ាអួហើយត្រូវឲ្យកូនញ៉ាំ ឬផឹក ១ ថ្ងៃ/២ ដង ដោយផឹកពេលព្រឹក ១ កែវ និងល្ងាច ១ កែវជាប្រចាំ ហើយវិធីនេះអនុវត្តន៍ចំពោះកុមារមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ។

ចំពោះអាហារដែលសម្បូរជាតិកាល់ស្យូម មាននៅក្នុងប្រភេទទឹកដោះគោ ប្រភេទអាហារមានជាតិប័រ ស៊ុត សណ្ដែក ត្រីជាដើម។ ក្រៅពីអាហារសម្បូរជាតិកាល់ស្យូមហើយនោះ ម៉ាក់ៗក៏គួរតែបន្ថែមអាហារសម្បូរវីតាមីន A និងអាហារសម្បូរវីតាមីន D មានក្នុងថ្លើមសត្វសាច់គោ ត្រី គ្រឿងបរិភោគផលិតពីទឹកដោះគោ ហើយមួយវិញទៀតគឺអាហារជាតិសម្បូរប្រូតេអ៊ីនដែលមាននៅក្នុងពពួកសត្វក្នុងទឹកមានសម្បកដូចជាក្ដាម និងបង្គា។
ចំណែកអាហារសម្បូរសារធាតុស័ង្កសី ក៏កុមារមិនអាចខ្វះបានដូចគ្នា។ ជារួមមកវេជ្ជបណ្ឌិត ហួរ ដានេ បានពន្យល់ឲ្យម៉ាក់ប៉ាទាំងអស់ឲ្យកូនទទួលទានអាហារសព្វមុខទាំងអស់មិនប្រកាន់មួយមុខៗណាឡើយ ដើម្បីឲ្យក្នុងខ្លួនមានសារធាតុចិញ្ចឹមគ្រប់ប្រភេទ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ