ការសិក្សា៖ អ្នកដែលឆ្ងាញ់នឹងរសជាតិហឹរ ចូលចិត្តម្ទេស អាចប្រឈមបាត់ការចងចាំ
ម្ទេស មានរសជាតិហឹរ ត្រូវបានប្រើប្រាស់ និងបន្ថែមក្នុងអាហារជាច្រើនមុខ ហើយក៏មានគ្នាយើងមិនតិចដែរ ដែលអត់ម្ទេសមិនបានទេ ពេលញ៉ាំអាហារ។ តែមានការសិក្សាមួយរួមគ្នា រវាងអូស្ត្រាលី និងកាតា រកឃើញថា ញ៉ាំម្ទេសច្រើន ប្រឈមបាត់ការចងចាំ។ ការសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យកាតា និងសាកលវិទ្យាល័យអូស្ត្រាលីខាងត្បូង លើមនុស្ស ៤.៥០០នាក់។ លទ្ធផល រកឃើញថា អ្នកញ៉ាំម្ទេស ៥០ក្រាម/ថ្ងៃ ប្រឈមនឹងហានិភ័យ ២ដង ជួបបញ្ហាខ្សោយការចងចាំ បើធៀបនឹងអ្នកមិនញ៉ាំម្ទេស។ ហើយការញ៉ាំម្ទេសច្រើន ពាក់ព័ន្ធនឹងការធ្លាក់ចុះការចងចាំ ៥៦% ក្នុងរយៈពេល ១៥ឆ្នាំក្រោយ។

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ មិនច្បាស់ពីភាពពាក់ព័ន្ធគ្នា រវាងការញ៉ាំម្ទេសច្រើន និងការធ្លាក់ចុះការចងចាំនោះទេ។ ប៉ុន្ដែការសិក្សា បានបកស្រាយថា សមាសធាតុសកម្ម Capsaicin មានក្នុងផ្លែម្ទេស អាចបង្កឲ្យមានបញ្ហានេះ ព្រោះសមាសធាតុសកម្ម Capsaicin ខ្ពស់ ត្រូវប្រើប្រាស់ ដើម្បីធ្វើឲ្យអសកម្មសរសៃប្រសាទ ដែលមានមុខងារធ្វើឲ្យដឹងការឈឺចាប់។
ប៉ុន្ដែការសិក្សានេះ ពុំមានរួមបញ្ចូលជំងឺភ្លេចភ្លាំងនោះទេ ដោយធ្វើត្រឹមតែតេស្តសាកល្បងលើការចងចាំ និងគណិតវិទ្យាប៉ុណ្ណោះ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ