Apple អាចនឹងមិនបញ្ចេញ Apple Watch Series 5 ទេនៅឆ្នាំនេះ ដោយលើកទៅចេញនៅឆ្នាំក្រោយវិញ
- July 29, 2019
ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ផលិតផលថ្មីៗរបស់ខ្លួនជាច្រើននៅក្នុងឆ្នាំនេះមានទាំងទូរស័ព្ទ កុំព្យូរទ័រ និងគ្រឿង Accessory ជាច្រើនប្រភេទផងដែរ។ យ៉ាងណាក្តី មកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងថា Apple នឹងចេញលក់នាឡិកាវ័យឆ្លាតរបស់ខ្លួននៅក្នុងឆ្នាំនេះដែរឬអត់នោះទេ។ បើយោងតាមសារព័ត៌មានបច្ចេកវិទ្យា 9TO5MAC វិញបានចុះផ្សាយថា នៅក្នុងឆ្នាំនេះ Apple នឹងមិនទាន់បញ្ចេញលក់នាឡិកាវ័យឆ្លាតស៊េរីថ្មីគឺ Apple Watch Series 5 នៅឡើយទេ ហើយសូម្បីតែ Apple Watch Series 4 upgrade ក៏គ្មានដែរ។
សូមរម្លឹកជូនថា ក្រុមហ៊ុន Apple បានបញ្ចេញលក់នាឡិកាវ័យឆ្លាតស៊េរីចុងក្រោយរបស់ខ្លួនគឺ Apple Watch Series 4 នៅចុងឆ្នាំ ២០១៨ ហើយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ Apple Watch Series 4 នៅតែរក្សាបានតំណែងជានាឡិកាវ័យឆ្លាតមានបច្ចេកវិទ្យាល្អបំផុត និងនៅតែបន្តទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ដោយហេតុផលនេះហើយទើបក្រុមហ៊ុននឹងមិនបញ្ចេញលក់នាឡិកាស៊េរីថ្មីឡើយ ហើយពួកគេនឹងបន្តលក់ Apple Watch Series 4 ដដែលនៅក្នុងឆ្នាំនេះ។ បើតាមការបញ្ជាក់របស់ប្រភពខាងលើនេះបានឲ្យដឹងថា Apple Watch Series 5 អាចនឹងមានវត្តមាននៅក្នុងឆ្នាំ ២០២០ ឯណោះ៕

អត្ថបទ៖ ភក្តី
- Share This Post:






