បច្ចេកវិទ្យា

Galaxy Tab S6 បង្ហាញខ្លួនផ្លូវការហើយ ខ្លាំងជាង កាមេរ៉ាភ្លោះ និង ប៉ិច S Pen កាន់តែឆ្លាតវ័យជាងមុន

BY
Khmernote Media
August 1, 2019

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការនូវ Galaxy Tab S6 ជាកំពូលថេបប្លែតថ្មីរបស់ខ្លួន ដែលរចនាឡើងសម្រាប់ទាំងការធ្វើការ និងការកំសាន្ត។ Galaxy Tab S6 នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី០៦ ខែកញ្ញា ខាងមុខ ជាមួយតម្លៃ $649 សម្រាប់ម៉ូដែលមេម៉ូរី 128GB/RAM 6GB និងតម្លៃ 729 សម្រាប់ម៉ូដែលមេម៉ូរី 258GB/RAM 8GB។

+ រូបរាង និងរចនាបថ៖

Galaxy Tab S6 ត្រូវបានរចនាឡើង ដោយច្របាច់បញ្ចូលគ្នានូវរចនាបថ Galaxy Tab A និង Tab S5e ដោយមានអេក្រង់ទំហំ 10.5 OLED (2560 x 1600 pixel) ដោយ Resolution នេះស្រដៀងនឹង Tab S4 ជំនាន់មុនដែរ ប៉ុន្តែ Samsung បានបង្រួមគែមអេក្រង់ឲ្យតូចជាងមុន ថែមទាំងបំពាក់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ថែមទៀតផង។ Samsung ក៏បានបង្រួមកម្រាស់ និងទម្ងន់ Tab S6 ឲ្យមកស្តើងត្រឹម 5.7mm និងទម្ងន់ត្រឹម 420g ប៉ុណ្ណោះ ប៉ុន្តែនៅរក្សារន្ធបំពង់សម្លេង៤គ្រាប់ នៅគ្រប់ជ្រុងដដែល ដែលមានសមត្ថភាពជះសម្លេងបានខ្លាំង និងពិរោះ។ ផ្នែកខាងក្រោយវិញធ្វើពីអាលុយមីញ៉ូម ដោយមានប្រលោះមួយមានជាតិដែកឆក់សម្រាប់ដាក់ប៊ិច S Pen កុំឲ្យរបូត ហើយប្រលោះនោះក៏ជាកន្លែងសម្រាប់សាកថ្ម S Pen ផងដែរ។

+ កម្លាំងម៉ាស៊ីន៖

Tab S6 រត់ដោយបន្ទះឈីបនាគរាជ Snapdragon 855 ក្រាលដោយស្បែក One UI 1.5 ជំនាន់ថ្មី ដើរដោយប្រពន្ធប្រតិបត្តិការ Android 9 Pie និងមានកម្លាំងថ្មរហូតដល់ 7,040mAh ដោយក្រុមហ៊ុនអះអាងថា អាចប្រើប្រាស់ការងារធ្ងន់ៗបានរហូតដល់15ម៉ោង។ រីឯកាមេរ៉ាវិញ Samsung បានបន្ថែមកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយមួយទំហំ 13MP f/2.0 សម្រាប់ថតរូបប្លង់ទូលាយធម្មតា និងមួយទៀតទំហំ 5MP f/2.2 សម្រាប់ថតរូប ultrawide។ សម្រាប់ S Pen វិញវានៅតែមានមុខងារមួយចំនួនដូច Note 9 ដូចជា ប្រើសម្រាប់បញ្ជា slide PowePoint ឬប្រើសម្រាប់ចុចថតរូប ហើយវាក៏បន្ថែមមុខងារថ្មីជាច្រើនទៀតផងដែរ។

ចំណែកឯ Samsung’s DeX វិញត្រូវបានអភិវឌ្ឍន៍កាន់តែប្រសើរជាងមុន ធ្វើឲ្យអ្នកប្រើប្រាស់ថេបប្លែតនេះទទួលបានបទពិសោធន៍ស្ទើរតែដូចការប្រើប្រាស់ Laptop ជាមួយ Window 10៕

អត្ថបទ៖ ឌី

Share This Post: