នេះហើយ ជាមូលហេតុកូនចេះកើតជ្រាំងអណ្ដាត
ជំងឺជ្រាំងអណ្ដាតកើតឡើងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែការកើតជំងឺនេះចំពោះទារក អាចជារឿងឈឺក្បាលមួយសម្រាប់ប៉ាម៉ាក់ ព្រោះកូននៅតូចពិបាកបៅ និងញ៉ាំអាហារណាស់។ ដូចនេះយើងត្រូវចេះសង្កេត និងកំណត់សម្គាល់ចំណុចខ្លះៗ ដើម្បីឲ្យដឹងថាកូនមានជ្រាំងអណ្ដាត។
ចំពោះរោគសញ្ញាជំងឺជ្រាំងអណ្ដាតនេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានឲ្យដឹងថា អណ្ដាតកូនមានសភាពក្រហម ឬឡើងសក្ដាំងដែលអាចជូតចេញបាន និងក្រហាយឈឺចាប់នៅពេលដែលមានការដាច់រលាត់ ធ្វើឲ្យកូនឈឺ ហៀរទឹកមាត់ ក្ដៅខ្លួន យំច្រើន មិនចង់ញ៉ាំអាហារមិនចង់បៅជាដើម។ ជំងឺជ្រាំងអណ្ដាតនេះ ភាគច្រើនបង្កឡើងដោយមេរោគផ្សិត។
ចំណែកមូលហេតុដែលនាំឲ្យកើតវិញ មកពីកត្តាជាច្រើនដូចជា៖
+ ខ្វះវីតាមីន C B ជាតិស័ង្កសី ជាតិដែក អាស៊ីដហ្វូលិក
+ ឧស្សាហ៍ប្រើថ្នាំផ្សះពពួកអង់ទីប៊ីយ៉ូទិក អាចបង្កើតជាផ្សិតមួយចំនួនដុះសៗ
+ ទារកឧស្សាហ៍បៀមរបស់មិនស្អាត
+ ម្ដាយមិនលាងសម្អាតដោះឲ្យបានស្អាត មុនបំបៅកូន
+ កូនបៅក្បាលដោះដបទឹកដោះគោទាំងគគ្រិច ឬក្ដៅ។
សម្រាប់វិធីព្យាបាលជំងឺជ្រាំងអណ្ដាតវិញ វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា ប្រើថ្នាំលាបប្រឆាំងពពួកផ្សិត ដែលមានលក្ខណៈជាពពួកក្រេមជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ