ហេតុអ្វីបានជាពេទ្យហាមម៉ាក់ៗសម្រាលកូនរួចមិនឲ្យញ៉ាំហឹរ និងក្រៀមក្រោះ?
បើតាមចំណាំ ចាស់ៗបុរាណតែងតែឲ្យស្រីៗសម្រាលកូនរួចញ៉ាំអាហារហឹរៗ ជាពិសេសឆាខ្ញី ខដាក់ម្រេច និងសាច់អាំង ចៀនប្រឡាក់ម្រេចបែបក្រៀមក្រោះ ព្រោះក្រោយញ៉ាំរួច ប្រាកដជាត្រូវការផឹកទឹកច្រើន ហើយការផឹកទឹកច្រើននេះធ្វើឲ្យសម្បូរទឹកដោះទៅបំបៅកូន ឯអាហារហឹរធ្វើឲ្យសរសៃសសូងឆាប់រឹង។ តែទង្វើបែបនេះ គ្រូពេទ្យមិនឯកភាពនោះទេ។
លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ថា អាហារហឹរ និងក្រៀមក្រោះនេះមិនល្អចំពោះម៉ាក់ៗទេ ដោយសារគ្មានជីវជាតិច្រើន។ ម្យ៉ាងទៀតទើបសម្រាលកូនរួច ម្តាយត្រូវការវីតាមីន និងសារធាតុចិញ្ចឹមគ្រប់មុខពីបន្លែ ជាពិសេសម៉ាក់ៗត្រូវការជាតិទឹកជាចាំបាច់ ដូចនេះរបបអាហារគួរតែជាប្រភេទសម្លមានទឹក គ្រឿងផ្សំ សាច់ បន្លែចម្រុះ។
វេជ្ជបណ្ឌិតខាងលើបានបន្ថែមទៀតថា៖ “បាយជាអាហារថាមពល និងអាហារសាងសង់ ដែលចាំបាច់បំផុត ហើយបន្ថែមពីនោះ រាងកាយត្រូវការជាតិដែក កាល់ស្យូម ប្រូតេអ៊ីន ដែលរបស់អស់ហ្នឹងមាននៅក្នុងបន្លែ សាច់ ត្រី ស៊ុត តែបើយើងញ៉ាំតែអាហារក្រៀម វាមិនអាចផ្ដល់ថាមពលគ្រប់គ្រាន់ដល់រាងកាយឡើយ ខណៈដែលស្រីៗទើបឆ្លងទន្លេរួចរឹតតែត្រូវការលើសដើម”។

លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម
លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម បន្តថា ដូច្នេះហើយបានជាគេមានក្បួនខ្នាតសម្រាប់ម៉ាក់ៗក្រោយសម្រាលកូនរួចត្រូវញ៉ាំអាហារឲ្យបានសព្វមុខ។ ក្នុងនោះម្ហូបមួយពេលរបស់ម៉ាក់ៗ មានសាច់ និងបន្លែត្រូវស្មើគ្នា បើសាច់ ២ ខាំ បន្លែក៏ ២ ខាំដែរ ហើយបានមានដាក់ស៊ុតមួយគ្រាប់ ត្រូវបន្ថយសាច់មកត្រឹម ១ ខាំបានហើយ ចំណែកបាយក្នុងកម្រិតតិចល្មម។
ក្រៅពីអាហារ ៣ ពេល ម៉ាក់ៗអាចញ៉ាំទឹកផ្លែឈើផ្សេងៗ ឬទឹកសណ្ដែក ដើម្បីបំពេញជីវជាតិឲ្យបានគ្រប់មុខ និងធ្វើឲ្យរាងកាយមានថាមពលពេញលេញ សម្បូរទឹកដោះឲ្យកូនម៉ឹម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ