ពេទ្យថៃ មានប្រព័ន្ធរហ័ស ជួយសង្គ្រោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល
ជំងឺដាច់សរសៃឈាមខួរក្បាល បើកើតហើយ ត្រូវការការព្យាបាលភ្លាមៗ ដោយសារការពន្យារយូរ អ្នកជំងឺអាចប្រឈមខ្ពស់នឹងការស្លាប់ ឬពិការរាងកាយ។ ដូច្នេះហើយ មន្ទីរពេទ្យ Khon Kaen នៅភាគឦសានប្រទេសថៃ បានដាក់ឲ្យដំណើរការ “ប្រព័ន្ធរហ័សជួយសង្គ្រោះជីវិតអ្នកជំងឺដាច់សរសៃឈាមខួរក្បាល”។
ក្រោយដាក់ឲ្យដំណើរការ ១ឆ្នាំ ប្រព័ន្ធរហ័សនេះ បានជួយសង្គ្រោះជីវិតអ្នកជំងឺចំនួន ២៨នាក់ ខណៈ ១ឆ្នាំ ជំងឺដាច់សរសៃឈាមខួរក្បាល បានឆក់យកជីវិតមនុស្ស ៥ម៉ឺននាក់។ ប្រព័ន្ធរហ័សនេះ ត្រូវបានបំពាក់នៅក្នុងឡានសង្គ្រោះបន្ទាន់ ដោយមានវីដេអូ ជួយឲ្យពេទ្យនៅឯមន្ទីរពេទ្យ អាចទាក់ទង និងពិនិត្យស្ថានភាពអ្នកជំងឺ តាំងពីនៅក្នុងឡានឯណោះ។
ដូច្នេះ ពេទ្យអាចរៀបចំឧបករណ៍សម្រាប់ព្យាបាលទុកមុន ទម្រាំអ្នកជំងឺមកដល់មន្ទីរពេទ្យ ដែលនេះ ជួយកាត់បន្ថយពេលវេលាយបានយ៉ាងច្រើន។ ជាក់ស្ដែង អ្នកជំងឺដាច់សរសៃឈាមខួរក្បាល ចាំបាច់ត្រូវពិនិត្យខួរក្បាល ដោយ CT Scans ដែលពីមុនត្រូវការពេលរងចាំ ៣៩នាទី ប៉ុន្ដែបច្ចុប្បន្ន ត្រូវការពេលតែ ១៥នាទី។ ចំណែកថ្នាំ ក៏ចេញលឿនជាងមុន ២០នាទីផងដែរ។
វេជ្ជបណ្ឌិត Weerasak Phongphuttha ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ Khon Kaen បញ្ជាក់ថា ប្រព័ន្ធរហ័សនេះ បង្កើតឡើង ដើម្បីកាត់បន្ថយពេលចុះឈ្មោះ និងបំពេញព័ត៌មានសុខភាពរបស់របស់អ្នកជំងឺ នៅតាមច្រកចូលមន្ទីរពេទ្យ។ ទោះយ៉ាងណា មនុស្សមួយចំនួន ដោយសារតែបារម្ភពីពេលរងចាំយូរ នៅតែស្វែងរកមធ្យោបាយផ្សេងៗទៀត ដើម្បីបញ្ជូនអ្នកជំងឺ ទៅកាន់បន្ទប់សង្រ្គោះបន្ទាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ