បច្ចេកវិទ្យា

iPhone ស៊េរីថ្មីអាចនឹងចេញនៅខែក្រោយនេះតាមទម្លាប់ ប៉ុន្តែមាន ៥ចំណុច ដែលអ្នកត្រូវស្វែងយល់ពីវា

BY
autoadmin
August 7, 2019

តាមទម្លាប់រៀងរាល់ខែកញ្ញា អ្នកគាំទ្ររបស់ Apple នៅជុំវិញពិភពលោក តែងតែត្រៀមរងចាំដើម្បីក្លាយជាមនុស្សដំបូងគេ ក្នុងការទទួលបានទូរស័ព្ទ iPhone ស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន។ ហើយជារៀងរាល់ឆ្នាំតែងតែព័ត៌មានលម្អិតអំពីការលេចធ្លាយស្មាតហ្វូនរបស់ Apple តាមអ៊ិនធឺណេតជាច្រើនខែ មុននឹងដល់ការបង្ហាញខ្លួនជាផ្លូវការរបស់វា។ ហើយប្រសិនបើរបាយការណ៍ និងពាក្យចចាមអារាមដែលធ្លាប់លេចចេញជាការពិតនោះ ការផ្លាស់ប្តូរដ៏ធំបំផុតចំពោះ iPhone នៅឆ្នាំនេះ គឺកាមេរ៉ា ៣គ្រាប់ របស់វានេះឯង។

កាមេរ៉ា ៣គ្រាប់ នឹងអាចឱ្យ iPhone ថតរូបភាពមានទំហំធំទូលាយជាងកាមេរ៉ាស្តង់ដារបច្ចុប្បន្ន ដែលកាមេរ៉ាថតបានធំទូលាយបែបនេះ នៅលើ Galaxy S10 គឺមានរួចទៅហើយ។ ហើយវាមិនខុសអីពីស៊េរីមុនៗនោះទេ ដោយ Apple នឹងកែតម្រូវស្មាតហ្វូនរបស់ខ្លួនឱ្យមានដំណើរការកាន់តែរលូនពីមួយជំនាន់ទៅមួយជំនាន់។ យ៉ាងណាក៏ដោយចំពោះកាមេរ៉ា ៣គ្រាប់ នេះអាចជាដំណឹងល្អមួយដែរសម្រាប់ហ្វេន Apple ប៉ុន្តែវានៅមានចំណុចចំនួន ៥ ទៀតដែលអ្នកត្រូវដឹងបន្ថែម៖

១. ខ្សែសាកថ្មរបស់វា៖ ដូចយើងដឹងស្រាប់ហើយថា ខ្សែសាកថ្មរបស់ iPhone គឺមានម្ខាងជារន្ធ lightning និងម្ខាងទៀតជារន្ធ USB ប៉ុន្តែបញ្ហាគឺពួកគាត់មិនអាចប្រើខ្សែប្រភេទនេះមកតភ្ជាប់ជាមួយ Macbook Air/Pro ម៉ូដែលថ្មីៗបានទេ (លើកលែងម៉ូដែលចាស់ៗ) ព្រោះពួកវាបានបានប្ដូរទៅប្រើ USB-C វិញអស់ហើយ។ លុះត្រាតែអ្នកទិញខ្សែសាកប្រភេទរន្ធ Type-C ទៅ lightning បន្ថែម ដោយចំណាយពីលើយ៉ាងហោចណាស់ ១៩ដុល្លារអាមេរិក។

២. សេនស័រស្កែនក្រយៅដៃ៖ ថ្វីបើ Face ID អាចមានប្រយោជន៍សម្រាប់ហ្វេន iPhone ប៉ុន្តែនៅតែមានអ្នកប្រើប្រាស់មួយចំនួនចង់ឱ្យ Apple ដាក់មុខងារ Touch ID មកវិញដើម្បីជាភាពងាយស្រួល ព្រោះវាអាចឱ្យពួកគេអាចបើកទូរស័ព្ទដោយមិនចាំបាច់ឱ្យស្កេនមុខរបស់ពួកគេ។ ជាក់ស្ដែងដូចជា Samsung ពួកគេលុបចោលគ្រាប់ចុច home-screen ពិតមែន ប៉ុន្តែពួកគេបានបន្ថែមនូវសេនស័រស្កែនក្រយៅដៃពីក្រោមអេក្រង់ ដែលវាបន្ថែមភាពងាយស្រួលដល់អតិថិជនរបស់ពួកគេ។

៣. អេក្រង់ OLED ៖ Apple ស៊េរីថ្មីទាំង ៣ម៉ូដែល អាចនឹងប្រើអេក្រង់ OLED ទាំងអស់ ដោយសារវាមានរូបភាពដិតជាងអេក្រង់ LCD និងមានសមត្ថភាពបង្កើតពន្លឺឱ្យស្របតាមរូបភាពដោយខ្លួនឯង មិនដូច LCD ដែលពឹងផ្អែកតែលើ backlight ដើម្បីបង្ហាញរូបភាពទេ។

៤. គ្មានឆ្នាំងសាកល្បឿនលឿនដូចគេ៖ ស្មាតហ្វូនជាច្រើនផ្តល់នូវឆ្នាំងសាកថ្មល្បឿនលឿនស្រាប់ៗ ប៉ុន្តែខុសពី iPhone ដែលអ្នកនឹងអាចទទួលបានការសាកថ្មលឿន លុះត្រាតែអ្នកត្រូវទិញឆ្នាំងសាក (18-watt charger) មានតម្លៃ ២៩ដុល្លារ ដោយឡែកថែមទៀត។ យោងតាម Apple បានឱ្យដឹងថា នៅលើទូរស័ព្ទដូចជា iPhone XS និង iPhone XR អ្នកអាចបំពេញថាមពលថ្មបានរហូតដល់ទៅ ៥០% ក្នុងរយៈពេលតែ ៣០នាទី ជាមួយនឹងឆ្នាំងសាកកម្លាំង ១៨វ៉ាត់ នេះ។ យ៉ាងណាក៏ដោយទូរស័ព្ទដូចជា Samsung Galaxy S10 និង OnePlus 7 Pro គេមានភ្ជាប់មកជាមួយឆ្នាំងសាកថ្មល្បឿនលឿនស្រាប់ៗតែម្ដង។

៥. កាមេរ៉ារបស់ទូរស័ព្ទ iPhone ពិតជាមានសមត្ថភាពថតរូបច្បាស់ល្អ ប៉ុន្តែតាមកាលៈទេសៈផ្សេងៗ។ ហើយបើនិយាយអំពីការថតរូបដែលមានពន្លឺតិច Pixel 3 របស់ Google នៅតែល្អជាងវាឆ្ងាយណាស់ ដោយសារ Apple នៅតែមានចំណុចខ្សោយត្រង់ចំណុចនេះ។ ដូច្នេះសង្ឃឹមថា iPhone ស៊េរីបន្ទាប់នេះ នឹងមានការកែប្រែឱ្យល្អសម្រាប់ការថតពេលយប់មិនបានល្អដូចគេនេះ៕

អត្ថបទ៖ លីដា

Share This Post: