ក្រុមហ៊ុន Samsung គ្រោងបោះទុនជាង ៤០ លានដុល្លារ ទិញភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម
- August 8, 2019
ក្រុមហ៊ុន Samsung SDS របស់កូរ៉េខាងត្បូងគ្រោងនឹងទិញភាគហ៊ុនចំនួន ២៥% នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ទី ២ របស់វៀតណាមគឺក្រុមហ៊ុន CMC ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NIKKEI បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា CMC នឹងទទួលបានទឹកប្រាក់វិនិយោគបន្ថែមពីក្រុមហ៊ុន Samsung SDS ជាទឹកប្រាក់ប្រមាណជា ៣២,៣ លានដុល្លារអាមេរិក។ យ៉ាងណាក្តីបើយោងតាមប្រភពពីប្រទេសកូរ៉េខាងត្បូងវិញបានបង្ហើបឲ្យដឹងថា ទំហំនៃវិនិយោគរបស់ក្រុមហ៊ុន Samsung SDS អាចធំជាងការរំពឹងទុក ពោលគឺអាចឈានដល់ចំនួន ៤១,១ លានដុល្លារអាមេរិកឯណោះ ប្រសិនបើគ្មានឧបសគ្គអ្វីមករារាំងនោះទេ។
បើទោះជាទំហំវិនិយោគនេះស្ថិតនៅក្នុងទំហំណាមួយក៏ដោយ វានៅតែជាទំហំវិនិយោគដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាមផងដែរ។ គេរំពឹងថា ការវិនិយោគនេះមិនត្រឹមតែជួយបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋវៀតណាម និងធ្វើជួយបង្កើនសេដ្ឋកិច្ចជាតិវៀតណាមប៉ុណ្ណោះទេ តែវាគឺជាកត្តាចម្បងមួយជួយរុញច្រានឲ្យវិស័យបច្ចេកវិទ្យាក្នុងប្រទេសវៀតណាមរីកចម្រើនខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី
- Share This Post:






