បច្ចេកវិទ្យា

Note 10 និង 10+ ចេញជាផ្លូវការ ជាមួយរូបរាងថ្មី ម៉ាស៊ីនខ្លាំងជាមុន ប៉ិច S Pen កាន់តែពិសេសលើសមុន

BY
Khmernote Media
August 8, 2019

កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសនូវកំពូលស្មាតហ្វូនថ្មី Galaxy Note 10 របស់ខ្លួន ដែលមានដល់ទៅ២ម៉ូដែលក្នុងឆ្នាំនេះ គឺ Galaxy Note 10 និង Note 10+។ ស្មាតហ្វូននេះមានចំនុចពិសេសជាច្រើន ដែលស្មាតហ្វូនដទៃមិនមាន។

+ រូបរាង៖

Galaxy Note 10 និង 10+ មានរូបរាងដូចគ្នាទាំងស្រុង ដោយគ្រាន់តែខុសទំហំតែប៉ុណ្ណោះ ហើយឆ្នាំនេះ Samsung បានព្យាយាមអភិវឌ្ឍស្មាតហ្វូនរបស់ខ្លួនឲ្យមានអេក្រង់លាតពេញដល់គែមតែម្តង ប៉ុន្តែមិនមានក្បាលឆក ឬកាមេរ៉ាហូតចុះឡើងឡើយ ដោយ Samsung បានបច្ចេកវិទ្យាទំលុះអេក្រង់សម្រាប់ដាក់កាមេរ៉ាវិញនៅចំកណ្តាលថ្ងាសរបស់ Note 10។ Note 10 មានអេក្រង់មុខទំហំ 6.3-inch មានកំរិត Resolution 2280x 1080 pixel ចំណែកឯ Note 10+ វិញមានទំហំ 6.8-inch មានកំរិត Resolution 3040x 1440 pixel។ ហើយអ្វីដែលគួរឲ្យសោកស្តាយនោះគឺថា ចាប់ពីពេលនេះទៅលែងមានទៀតហើយរន្ធដោតកាស 3.5mm ដោយសារ Samsung បានបំបាត់វាចោលនៅលើស៊េរី Note នេះទៅហើយ។

+ កម្លាំងម៉ាស៊ីន៖

Note 10 និង 10+ រត់ដោយបន្ទះឈីបនាគរាជ Snapdragon 855 មាន CPU 8គ្រាប់ ដោយ 2គ្រាប់រត់នៅល្បឿន 2.73GHz Mongoose M4, 2គ្រាប់ទៀតរត់នៅល្បឿន 2.4GHz Cortex-A75 និង 4គ្រាប់ទៀតរត់នៅល្បឿន 1.9GHz Cortex-A55 ហើយក្រាលដោយស្បែក One UI ថ្មី និងដើរដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie) ចេញពីប្រអប់តែម្តង។ Note 10 មាន RAM ទំហំ 8GB មេម៉ូរីទំហំ 256GB និងកម្លាំងថ្ម 3,500mAh រីឯ Note 10+ វិញមាន RAM ដល់ទៅ 12GB មេម៉ូរី 256GB/512GB និងមានកម្លាំងថ្មរហូតដល់ 4,300mAh។

+ កាមេរ៉ា៖

ចំពោះកាមេរ៉ាវិញ ទាំង Note 10 និង 10+ ហាក់មិនសូវខុសប្លែកច្រើនពី S10/S10+ ប៉ុន្មាន ដោយកាមេរ៉ាក្រោយមាន3គ្រាប់ (4គ្រាប់សម្រាប់ Note 10+) ផ្លាស់ប្តូរមកជាបញ្ឈវិញ ដែលមួយគ្រាប់មានទំហំ 16MP f/2.2 សម្រាប់ថតប្លង់ទូលាយ Wide-angle, មួយគ្រាប់ទៀតទំហំ 12MP f/1.5-f/2.4 សម្រាប់ថតប្លង់ទូលាយធម្មតា និងមួយទៀតទំហំ 12MP f/2.1 សម្រាប់ថតប្លង់ telephoto ចំណែកនៅលើ Note 10+ មានកាមេរ៉ាមួយទៀតប្រភេទ Time-off-flight សម្រាប់ជំនួយដល់ការថតព្រិលផ្ទៃក្រោយ និងការថតលក្ខណៈ 3D។ ចំពោះកាមេរ៉ាមុខវិញ នៅលើ Note 10 ទាំង២ម៉ូដែល មានតែ១គ្រាប់ប៉ុណ្ណោះទំហំ 10MP f/2.2។ ចំពោះការថតវីដេអូវិញ Note 10 មានសមត្ថភាពខ្លាំងជាងមុន អាចថតវីដេអូព្រិលផ្ទៃខាងក្រោយបានយ៉ាងល្អ និងមានបច្ចេកវិទ្យាទប់រំញ័របាននឹងល្អផងដែរ។

+ ប៊ិច S Pen៖

ចំណុចពិសេសរបស់ Galaxy Note គ្រប់ជំនាន់ គឺប៊ិច S Pen ហើយប៊ិច S Pen នៅឆ្នាំនេះមានសមត្ថភាពកាន់តែខ្លាំងជាងជំនាន់មុនៗ ដោយសារវាមិនត្រឹមតែអាចបញ្ជាការថតរូប ឬបញ្ជា slide PowerPoint ប៉ុណ្ណោះទេ ប៉ុន្តែវាមានសមត្ថភាពអាចបញ្ជាដោយកាយវិការបានទៀតផង ដូចជាផ្លាស់ប្តូរពីកាមេរ៉ាមុខទៅកាមេរ៉ាក្រោយ ដោយគ្រាន់តែគ្រវាសដៃឡើងលើ ឬចុះក្រោមប៉ុណ្ណោះ និងមានមុខងារពិសេសៗជាច្រើនទៀត។ ហើយក្រុមហ៊ុន Samsung ក៏បានបើកឲ្យអ្នក developer ផ្សេងៗ អាចយកមុខងារបញ្ជាដោយកាយវិការទៅអភិវឌ្ឍសម្រាប់ប្រើលើកម្មវិធីនានាផងដែរ។

+ តម្លៃ៖

Galaxy Note 10 ដាក់លក់នៅលើទីផ្សារអាមេរិកក្នុងតម្លៃ $949 ជាមួយ RAM 8GB/មេម៉ូរី256GB រីឯ Note 10+ វិញមានតម្លៃ $1,099 សម្រាប់ RAM 12GB/មេម៉ូរី 256GB និងតម្លៃ $1,199 សម្រាប់ RAM 12GB/មេម៉ូរី512GB ហើយស្មាតហ្វូនទាំង២នេះនឹងចាប់ផ្តើមដាក់លក់នៅលើទីផ្សារបរទេសនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ៕

អត្ថបទ៖ សេម
ប្រភព៖ Theverge

Share This Post: