បច្ចេកវិទ្យា

នេះហើយជាឆ្នាំងសាកល្បឿនលឿន 45W របស់ Note 10+ មិនមែនមានមកស្រាប់ក្នុងប្រអប់ទេ គឺលក់ក្រៅផ្សេង

BY
Khmernote Media
August 9, 2019

Galaxy Note 10 និង 10+ ទើបតែបង្ហាញខ្លួនជាផ្លូវការនៅប្រទេសកម្ពុជាយើង កាលពីម្សិលមិញនេះ ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តស្មាតហ្វូន។ ក្រុមហ៊ុន Samsung បានបញ្ចេញបច្ចេកវិទ្យាថ្មីអនុញ្ញាតឲ្យ Galaxy Note 10+ សាកថ្មល្បឿនលឿនបានរហូតដល់ទៅ 45W ដើម្បីប្រយុទ្ធជាមួយគូប្រកួតប្រជែង ប៉ុន្តែក្បាលឆ្នាំងសាកល្បឿនលឿននេះមិនមានដាក់មកស្រាប់នៅក្នុងប្រអប់នោះទេ ពោលគឺក្រុមហ៊ុន Samsung ដាក់លក់ក្រៅបន្ថែម ហើយក្បាលឆ្នាំងសាកនេះក៏មិនអាចប្រើប្រាស់លើ Galaxy Note 10 ធម្មតាបានដែរ។

យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្បាលឆ្នាំងសាកល្បឿនលឿន “Super Fast Charging” នេះដាក់លក់នៅទីផ្សារអឺរ៉ុបមានតម្លៃ €49.99 ចំណែកនៅឯទីផ្សារអាមេរិក គេនៅមិនទាន់ច្បាស់នៅឡើយនោះទេ ប៉ុន្តែវាអាចមានតម្លៃប្រហាក់ប្រហែល $49.99។ ទាំង Note 10 និង Note 10+ មានឆ្នាំងសាកមកស្រាប់ក្នុងប្រអប់ ដែលមានកម្លាំងបញ្ចូលថ្មត្រឹមតែ 25W តែប៉ុណ្ណោះ ហើយក្បាលឆ្នាំងសាកលើកនេះ មានក្បាលដោតទាំងសងខាងជាប្រភេទ Type-C តែម្តង ខុសពីជំនាន់ Galaxy S10 ដែលមានក្បាលដោតម្ខាងជាប្រភេទ Type-C និងម្ខាងទៀតជាប្រភេទ Type-B។

គួរបញ្ជាក់ផងដែរថា Galaxy Note 10 និង 10+ ចាប់ផ្តើមដាក់ឲ្យ pre-order នៅក្នុងទីផ្សារស្រុកខ្មែរយើងហើយ ដែល Galaxy Note 10 មានតម្លៃ $899 និង Galaxy Note 10+ មានតម្លៃ $1,059៕

ក្បាលឆ្នាំងសាកល្បឿន 25W

ក្បាលឆ្នាំងសាកល្បឿន 45W

អត្ថបទ៖ សេម

Share This Post: