ស្រីៗកូនដំបូង! ជិតគ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវធ្វើម៉េច?
ជាទូទៅ ក្នុងត្រីមាសទី៣ នៃអាយុគភ៌ ទារកនៅក្នុងផ្ទៃនឹងចាប់ផ្ដើមផ្លាស់ប្ដូរទីតាំងដោយបង្វិលក្បាលចុះក្រោម ដើម្បីត្រៀមកើតតាមធម្មជាតិ។ មានករណីខ្លះ ដល់ពេលជិតកើតហើយ បេប៊ីនៅតែមិនទាន់បង្វិលក្បាលចុះក្រោម ដែលភាគច្រើនគេហៅកូនស្ថិតនៅទីតាំងបញ្ច្រាស ដែលធ្វើឲ្យដំណើរការសម្រាលលំបាកខ្លាំង និងអាចមានគ្រោះថ្នាក់។
ប្រមាណជា ២៥% នៃទារកដែលស្ថិតនៅទីតាំងបញ្ច្រាសបែបនេះ នឹងបង្វិលក្បាលចុះមកក្រោមដោយឯកឯង ពេលជិតដល់ថ្ងៃកើត។ ដោយឡែក ៧៥%ទៀត នឹងត្រូវកើតទាំងបញ្ច្រាសបែបនេះ ដោយមានជំនួយពីគ្រូពេទ្យជំនាញ ឬអាចនឹងត្រូវវះកាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
១- កូនស្ថិតនៅទីតាំងបញ្ច្រាសមាន៣ប្រភេទ៖
– បញ្ច្រាសធម្មតា (ប្រមាណ ៥០,៧០%)៖ គូទរបស់ទារក សំយុងចុះមកមាត់ស្បូន ហើយជើងបែរឡើងលើទៅរកក្បាល។
– បញ្ច្រាសជើង (ប្រមាណ ១០,៣០%)៖ ជើងម្ខាង ឬទាំងសងខាងរបស់ទារក សំយុងចុះមកមាត់ស្បូន។
– បញ្ច្រាសទាំងស្រុង (ប្រមាណ ៥-១០%)៖ គូទរបស់ទារក សំយុងចុះមកមាត់ស្បូន ហើយជើងទាំងពីររបស់ទារកបត់ផ្អោបជាប់ខ្លួនដោយមិនតម្រង់មកខាងក្រោម។
២- កត្តាធ្វើឲ្យកូនស្ថិតនៅទីតាំងបញ្ច្រាស
– សុកពាំងមាត់ស្បូន
– កូនកើតមុនខែ
– កូនភ្លោះ ឬច្រើន
– បរិមាណទឹកភ្លោះតិចពេក ឬច្រើនជ្រុល
– សុខភាពស្បូនខ្សោយ
– សុខភាពទារកខ្សោយ
– ស្បូនយារ (បង្កើតកូនច្រើន លើសពី ៥ ដង)។
៣- វិធីសាស្ត្របង្វិលទីតាំងទារកក្នុងផ្ទៃ
មិនមែនកូនស្ថិតនៅទីតាំងបញ្ច្រាស សុទ្ធតែត្រូវវះកាត់ ពេលកើតនោះទេ។ គ្រូពេទ្យ ឬឆ្មប មានបច្ចេកទេសជួយបង្វិលទារកឲ្យមកកាន់ទីតាំងត្រឹមត្រូវវិញបាន បើបេប៊ីស្ថិតនៅក្នុងសប្ដាហ៍ទី ៣២-៣៧ នៅឡើយ។ វិធីសាស្ត្រដែលគេនិយមប្រើ គឺ៖
– បង្វិលកូនពីខាងក្រៅ ៖ ដំបូង ម្ដាយត្រូវលេបថ្នាំជំនួយស្បូនសិន។ បន្ទាប់មក ពេទ្យនឹងបង្វិលទីតាំងទារកពីខាងក្រៅ ដោយប្រើដៃរុញ។ ការបង្វិលកូនពីខាងក្រៅ ជាវិធីសាស្ត្រមួយដែលជោគជ័យច្រើនលើស្រីៗពពោះដំបូង និងថ្ងៃកំណត់កើតនៅយូរ។ ប៉ុន្តែ វិធីសាស្ត្រនេះ មិនអាចប្រើបានចំពោះស្រីៗមានទឹកភ្លោះតិច ឬស្រីៗមានកូនភ្លោះឡើយ។
– Webster Breech Technique៖ ជាវិធីសាស្រ្តដែលគេធ្វើ ពេលគភ៌អាយុបាន ៨ ខែ ដែលតិចនិកនេះធ្វើឲ្យសរីរាង្គក្នុងអាងត្រគាកធូរដូចជា ស្បូន និងសរសៃពួរ ធ្វើដោយគ្រូពេទ្យជំនាញផ្នែកសាច់ដុំ និងឆ្អឹង។
– ការព្យាបាលតាមបែបធម្មជាតិ ៖ ស្រីៗមានផ្ទៃពោះ អាចប្រើវិធីចាក់ម្ជុលវិទ្យាសាស្រ្ត ឬបន្ធូរអារម្មណ៍ ដូចជា ការសណ្តំ ប៉ុន្តែតាមបែបវេជ្ជសាស្រ្ត វិធីបែបនេះមិនទាន់ត្រូវគេអះអាងថាមានប្រសិទ្ធភាពនៅឡើយទេ។
ក្នុងករណីប្រើគ្រប់វិធីហើយ កូននៅមិនបង្វិលក្បាលទៀត ពេទ្យនឹងណែនាំការសម្រាលដោយវះកាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ