ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់
កូនក្មេងមួយចំនួនខូចណាស់ ចូលចិត្តបៀមដបទឹកដោះគោ ពេលម៉ឹមទឹកដោះគោអស់មិនឲ្យម៉ាក់ៗដកដបទឹកដោះចេញពីមាត់នោះទេ ជាពិសេសនៅពេលយប់ អាអូនខ្លះជញ្ជក់ទាល់តែដេកលក់ ឬដេកលក់ហើយនៅតែជញ្ជាក់ទៀត។
ទម្លាប់ឲ្យកូនបៀមដបទឹកដោះយូររាប់ម៉ោងគ្រោះថ្នាក់ចំពោះសុខភាពបំផុត នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ។
ហេតុអីគ្រាន់តែកូនបៀមដបទឹកដោះគោសោះ គ្រោះថ្នាក់ចំពោះសុខភាពដែរ? លោកវេជ្ជបណ្ឌិតពន្យល់ថា ការដែលម៉ាក់ៗទម្លាប់ឲ្យកូនបៀមដបទឹកដោះដែលបៅរួច ឬបៅនៅសល់ទឹកគោ ជាតិទឹកដោះនោះនឹងជាប់ធ្មេញរហូត វាបង្កឲ្យខូចធ្មេញខ្លាំងជាងក្មេងដែលបៀមស្ករគ្រាប់ ឬស្ករកៅស៊ូទៀត ម្យ៉ាងវិញទៀតការបៀមជញ្ជក់ដបទឹកដោះគោរយៈពេលយូរអាចឆ្លងមេរោគទៅជារលាកបំពង់ក មួយវិញទៀតធ្វើឲ្យខូចទ្រង់ទ្រាយធ្មេញ អាចដុះមិនត្រង់ជួរជាដើម។
“ពេលដែលញ៉ាំហើយ ក្មេងចូលចិត្តបៀមកំប៉ុងទឹកដោះគោហ្នឹង ម្តាយខ្លះសូម្បីតែយប់ឡើងគាត់ឲ្យបៅទឹកដោះគោ ជួនកាលកូនគាត់បៅអត់អស់ គាត់ឲ្យកូនគាត់បៀមដប ទី១ ធ្មេញក៏ខូច ទី២ ងាយនឹងរលាកបំពង់ក” លោកវេជ្ជបណ្ឌិត អ៊ុន យូ រៀបរាប់។

ចំពោះម៉ាក់ៗដែលមានទម្លាប់ឲ្យកូនបៀមដបទឹកដោះគោក្រោយបៅរួច លោកវេជ្ជបណ្ឌិតដែលមានសញ្ញាប័ត្រពីប្រទេសបារាំង និងកូរ៉េ អ៊ុន យូ ណែនាំឲ្យបញ្ឈប់បន្ទាន់ ទោះក្នុងលក្ខខណ្ឌដកដបទឹកដោះគោនោះចេញអាចធ្វើឲ្យកូនភ្ញាក់ ឬកូនយំក៏ដោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ