បច្ចេកវិទ្យា

ផលិតផលទាំងនេះរបស់ Apple នឹងត្រូវដំឡើងថ្លៃបន្ថែមទៀត ចាប់ពីខែក្រោយនេះទៅ

BY
Khmernote Media
August 16, 2019

សារព័ត៌មាន Theverge បានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ នឹងធ្វើការដំឡើងពន្ធចំនួន ១០% ទៅលើផលិតផលមួយចំនួនដូចជា នាឡិកាឆ្លាតវ័យ ឧបករណ៍សម្រាប់តាមដានសុខភាព កាស Bluetooth និងឧបករណ៍បំពងសំឡេងឆ្លាតវ័យជាដើម ហើយការដំឡើងថ្លៃពន្ធនេះនឹងផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៩ នេះតទៅ។ ជាងនេះទៅទៀតប្រភពដដែលក៏បានបន្តថា នៅពាក់កណ្ដាលខែឆ្នូ ឆ្នាំ ២០១៩ រដ្ឋាភិបាលអាមេរិកគ្រោងនឹងដំឡើងពន្ធលើផលិតផងអេឡិចត្រូនិចមួយចំនួនបន្ថែមទៀតផងដែរដូចជា កុំព្យូទ័រ និងទូរស័ព្ទ។

បើទោះការដំឡើងថ្លៃពន្ធនេះត្រូវបានអនុវត្តគ្រប់ក្រុមហ៊ុនក៏ដោយ តែគេបានមើលឃើញថា ក្រុមហ៊ុន Apple ហាក់រងឥទ្ធិពលខ្លាំងជាងគេពីគោលនយោបាយដំឡើងពន្ធនេះ ព្រោះតែរោងចក្រដំឡើងផលិតផលជាច្រើនរបស់ Apple មានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយពេលផលិតរួចទើបក្រុមហ៊ុននាំទៅចែកចាយនៅប្រទសផ្សេងៗក៏ដូចជានាំចូលទៅកាន់អាមេរិកវិញផងដែរ។ ឆ្លើយតបទៅនឹងការសម្រេចរបស់រដ្ឋាភិបាលដូចខាងលើនេះ លោក Tim Cook អគ្គនាយកក្រុមហ៊ុន Apple បានឲ្យដឹងថា៖ “ក្រុមហ៊ុន Apple ធ្លាប់បានដាក់សំណើទៅកាន់រដ្ឋាភិបាលកុំឲ្យដំឡើងពន្ធដែរ តែរដ្ឋាភិបាលបានច្រានចោលសំណើទាំងនោះ”។

លោកបានបន្តថា “វាជារឿងលំបាកមួយដែលយើងត្រូវឈរមើលរដ្ឋាភិបាលអាមេរិក ដាក់សម្ពាធមកកាន់ក្រុមហ៊ុនអាមេរិក និងអតិថិជនជាជនជាតិអាមេរិកខ្លួនឯង”។ យ៉ាងណាក្តី បើយោងតាមការមើលឃើញរបស់ក្រុមអ្នកវិភាគនយោបាយបានលើកឡើងថា ការសម្រេចដំឡើងពន្ធពីសំណាក់រដ្ឋាភិបាលអាមេរិកគឺជាការដាក់សម្ពាធឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ដករោងចក្ររបស់ខ្លួនពីប្រទេសផ្សេងៗជាពិសេសប្រទេសចិន ហើយមកបង្កើតរោចក្រគ្រប់បែបយ៉ាងនៅក្នុងទឹកដីអាមេរិកវិញ។ ចំពោះផលិតផលរបស់ក្រុមហ៊ុន Apple ដែលត្រូវប្រឈមនឹងការដំឡើងពន្ធរួមមាន កាស AirPods នាឡិកា Apple Watch និងឧបករណ៍ស្តាប់ចំរៀង HomePod៕

អត្ថបទ៖ ភក្តី

Share This Post: