បច្ចេកវិទ្យា

រឹតតែច្បាស់ជាមួយនឹងកាមេរ៉ារបស់ Huawei P20 Pro: កាមេរ៉ាខាងក្រោយ 3 របស់ក្រុមហ៊ុន Leica និងមានកម្រឹត ISO ដល់ 102400 (មានវីដេអូ)

BY
Khmernote Media
March 28, 2018

កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតមួយរបស់ប្រទេសចិនបានធ្វើការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន P20 Pro របស់ខ្លួន ក្រោមពាក្យស្លោកមួយថា “Redefines intelligent photography (ការធ្វើឲ្យប្រសើរឡើងវិញនូវភាពវ័យឆ្លាតនៃការថតរូប)។” ដោយឡែក ស្មាតហ្វូនកំពូលនេះត្រូវបានគេស្គាល់ថា ជាម៉ូដែលដំបូងលើពិភពលោកដែលមានកាមេរ៉ាក្រោយដល់ទៅ 3គ្រាប់ឯណោះរបស់ក្រុមហ៊ុន Leica ហើយសម្រាប់ការធ្វើតេស្តសាកល្បងលើ DxOMark ស្មាតហ្វូននេះទទួលបានពិន្ទុខ្ពស់ជាងគេរហូតដល់ទៅ 106។

ទាក់ទងទៅនឹងបច្ចេកវិទ្យាកាមេរ៉ាក្រោយ 3គ្រាប់នេះ គឺជាប្រព័ន្ធដ៏ពិសេសមួយដែលមានចំនួន Pixel ច្រើនជាងគេបំផុតលើពិភពលោកបើធៀបទៅនឹងស្មាតហ្វូនផ្សេងៗទៀតនាពេលបច្ចុប្បន្ន។ ចំពោះមួយក្នុងចំណោមកាមេរ៉ាទាំង3 គឺមានទំហំរហូតដល់ទៅ​ 40MP ឯណោះ ប្រភេទ RGB សម្រាប់ថតពណ៌ ក្នុងកម្រឹត Aperture f/1.8។ សម្រាប់កាមេរ៉ាទី2 គឺមានទំហំ 20MP ប្រភេទ Monochrome ដែលប្រើប្រាស់សម្រាប់ថតស-ខ្មៅ ក្នុងកម្រឹត Aperture f/ 1.6 និងចុងក្រោយគេគឺកាមេរ៉ាប្រភេទ Telephoto មានទំហំ 8MP ក្នុងកម្រឹត Aperture f/2.4 អបដោយមុខងារទប់លំនឹង OIS ផងដែរ។

ជាមួយនឹងគោលបំណងក្នុងការបង្កើតឲ្យមាននូវការថតរូបបែប Professional ដោយប្រើប្រាស់កាមេរ៉ាស្មាតហ្វូន Huawei P20 Pro បានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើតមុខងារមួយចំនួនដូចជា AI stabilization និង AI-Assisted Composition។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ បច្ចេកវិទ្យា 4D ដែលត្រូវបានបំពាក់លើកាមេរ៉ារបស់កំពូលស្មាតហ្វូននេះ គឺមានសមត្ថភាពជួយដល់កាមេរ៉ាឲ្យស្គាល់នូវចលនារបស់គោលដៅដែលត្រូវថត ពោលគឺរក្សា Focus នៅលើគោលដៅរហូត។ ក្រៅពីនេះ P20 Pro ក៏មានភ្ជាប់មកជាមួយនឹងមុខងារថតយឺត Super slo-mo ដែលមានល្បឿន 960fps ផងដែរ។

គួរបញ្ជាក់ផងដែរថា ដើម្បីជួយដល់អ្នកប្រើប្រាស់កុំឲ្យខតខានការចាប់យកអ្វីមួយភ្លាមៗ P20 Pro ក៏មានភ្ជាប់មកជាមួយនឹងមុខងារ Ultra Snapshot ដែលតម្រូវឲ្យអ្នកចុចលើប៊ូតុងបន្ថយសម្លេងពីរដង ដើម្បីថតដោយចំណាយពេលត្រឹម 0.3វិនាទីក្នុងមួយប៉ុស្ត៍។

សម្រាប់លក្ខណៈពិសេសរបស់ ស្មាតហ្វូនកំពូលត្រកូល P នេះគឺមានដូចជា បន្ទះឈីបប្រភេទ Kirin 970 ដែលអាចថតវីដេអូបានក្នុងកម្រឹត 4K។ អេក្រង់មានទំហំ 6.1អ៊ីញ ស្ទើរគ្មានគែម កាមេរ៉ាមុខទំហំ 24MP ដែលមានភ្ជាប់មកជាមួយនឹងមុខងារ AI beautification និង 3D portrait lighting។ ឯថាមពលថ្មវិញគឺមានទំហំ 3,400mAh។

សម្រាប់ជម្រើសរបស់ Huawei P20 Pro គឺមានដូចជា Twilight, Pink Gold, Black និង Midnight Blue ឯតម្លៃវិញគឺកប់បន្ដិចហើយ រហូតដល់ទៅ $1,120 ឯណោះ។



Fu

ប្រភព៖ petapixel

Share This Post: