បច្ចេកវិទ្យា

អាមេរិកពន្យារពេលឱ្យ Huawei ៩០ថ្ងៃបន្ថែមទៀត មុនការហាមឃាត់ពេញលេញចាប់ផ្តើមចូលជាធរមាន

BY
autoadmin
August 20, 2019

គេហទំព័រ The Verge នៅថ្ងៃអង្គារ ទី២០ ខែសីហានេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកទំនងជានឹងត្រូវពន្យារពេលលើការដាក់បម្រាម ១០០ភាគរយ ទៅលើរាល់ជំនួញទាំងឡាយណា ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនយក្ស Huawei ជាថ្មីម្ដងទៀត បន្ទាប់ពីការពន្យារពេលចាស់ត្រូវផុតកំណត់នៅថ្ងៃនេះ។ អាមេរិកអាចនឹងពន្យារពេល ៩០ថ្ងៃ បន្ថែមទៀត ដើម្បីទុកពេលឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកតាមតំបន់ដាច់ស្រយាល ប្តូរការប្រើប្រាស់ឧបករណ៍របស់ពួកគេ ចេញពីផលិតផលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ។

គួររំលឹកដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តួចផ្តើមដាក់ការហាមឃាត់ទៅលើក្រុមហ៊ុន Huawei កាលពីខែឧសភា ជាមួយនឹងបទបញ្ជាប្រតិបត្តិមួយដែលដឹកនាំរដ្ឋបាលរបស់លោក ដើម្បីរឹតត្បិតការទិញ និងតំឡើងឧបករណ៍ទំនាក់ទំនងសំខាន់ៗពីក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ នៅក្នុងអ្វីដែលត្រូវបានប្រធានាធិបតីអាមេរិករូបនេះហៅថា «ជាសត្រូវបរទេស» របស់សហរដ្ឋអាមេរិក។

ការអនុវត្តពេញលេញនៃការហាមឃាត់ត្រូវបានពន្យារពេលម្ដងទៀតយ៉ាងឆាប់រហ័ស ហើយក្នុងនោះរដ្ឋាភិបាលលោក ត្រាំ នឹងផ្តល់ពេលឱ្យក្រុមហ៊ុន Huawei ៩០ថ្ងៃទៀត ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបន្តបញ្ជូនការអាប់ឌែត ទៅកាន់ទូរស័ព្ទរបស់អ្នកប្រើប្រាស់ និងបន្តផ្គត់ផ្គង់បណ្តាញ និងឧបករណ៍ដែលមានស្រាប់របស់ខ្លួនជាមុនសិន។ ការពន្យារពេលចាស់ត្រូវបានចប់នៅថ្ងៃនេះ ដូច្នេះការពន្យារពេលថ្មី នឹងមានសុពភាពដល់ថ្ងៃទី១៩ ខែវិច្ឆិកា ចុងឆ្នាំនេះ៕

អត្ថបទ៖Lee

Share This Post: